(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នៅថ្ងៃពុធសប្ដាហ៍នេះបានអនុញ្ញាតឱ្យរក្សាទុក ឬស្ដុកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក -អាល្លឺម៉ង់ Pfizer-BioNTech នៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពស្ដង់ដារសម្រាប់រយៈពេលមួយខែ សំដៅពង្រីកការចែកចាយវ៉ាក់សាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
បើតាម FDA វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech នឹងអាចរក្សាទុកនៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពពី ២ ដល់៨អង្សាសេ រយៈពេលមួយខែ បើធៀបទៅនឹងការកំណត់កាលពីពេលថ្មីៗនេះបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ ការសម្រេចចិត្តនេះនឹងបង្កការងាយស្រួលដល់តំបន់ដាច់ស្រយាល មួយចំនួនក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃក្នុងការដឹកជញ្ជូន និងស្ដុកទុកផងដែរ។
គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ដែលផលិតឡើងតាមបច្ចេកវិទ្យា mRNA ទទួលបានការអនុញ្ញាតសម្រាប់ ការប្រើប្រាស់បន្ទាន់កាលពីខែធ្នូ ឆ្នាំ២០២០ ជាមួយការតម្រូវឱ្យរក្សាទុកនៅក្រោមសីតុណ្ហភាពចន្លោះពី -៨០ ដល់ -៦០អង្សាសេក្រោមសូន្យ៕