(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១១,២៩៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៉ីខាងត្បូងមួយនេះ កើនឡើងដល់ ២៧,៣៦៩,០៩៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ។
បន្ថែមពីខាងលើនេះ អ្នកជំងឺ COVID-19 ចំនួន ៣,៨៤៧នាក់ទៀត ក៏បានស្លាប់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣១៥,២៣៥នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៤,៦៣៣,៩៥១នាក់បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២០២លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន នៅទូទាំងប្រទេស ក្នុងនោះមានវ៉ាក់សាំងចំនួន១,៨៨៥,៨០៥ដូស ត្រូវបានចាក់ជូនដល់ប្រជាជន ក្នុងពេលតែមួយថ្ងៃពុធម្សិលមិញនេះប៉ុណ្ណោះ៕