(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗ ចំនួន ៤,៥២៨ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៦២៦ករណីជាករណីឆ្លង ក្នុងចំណោមប្រជាជនទូទៅ និង ១,៩០២ករណីទៀតជាករណីឆ្លង ក្នុងពន្ធនាគារ។ CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៤,៣០៧ករណី ក្នុងនោះមានអ្នកស្លាប់ ១,០១២នាក់ និងអ្នកជាសះស្បើយ ១០៥,២៤៤នាក់។

ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.៥លានដូសហើយ ក្នុងនោះប្រជាជន ២.៤១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.៥% នៃចំនួនប្រជាជនសរុប) និងជាង ១លាននាក់ បានចាក់គ្រប់ដូស (១.៦% នៃចំនួនប្រជាជនសរុប) គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១៕