(វែលីងតោន)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានធ្វើដំណើរទៅដល់ក្រុងទេសចរណ៍ Queenstown នៃប្រទេសនូវែសេឡង់ ដើម្បីជួបពិភាក្សាទល់មុខគ្នានាថ្ងៃអាទិត្យនេះ ជាមួយនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។
លោក Morrison គឺជាមេដឹកនាំពិភពលោកដំបូងគេ ដែលបានទៅទស្សនកិច្ចនៅនូវែលសេឡង់ គិតចាប់តាំងពីប្រទេសជិតខាងទាំងពីរ បានបិទព្រំប្រទល់រៀងៗខ្លួន កាលពីឆ្នាំមុន ដើម្បីគ្រប់គ្រង COVID-19។ មកដល់ខែមេសាកន្លងទៅនេះ នូវែលសេឡង់និងអូស្រ្តាលី បានចាប់ផ្តើមកម្មវិធីធ្វើដំណើរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ករវាងគ្នា ប៉ុន្តែដោយសារការឆ្លងរាលដាលថ្មីៗនេះ នៅទីក្រុង Melbourne បានជំរុញឲ្យនូវែលសេឡង់ ផ្អាកកម្មវិធីនេះជាមួយរដ្ឋ Victoria របស់អូស្រ្តាលី ជាបណ្តោះអាសន្នសិន។
គួរបញ្ជាក់ថា ការជ្រើសរើសក្រុង Queenstown សម្រាប់ជំនួបរវាងមេដឹកនាំទាំងពីរ គឺដោយសារតែ នូវែលសេឡង់កំពុងព្យាយាមស្តារ ឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ ក្រោយរងគ្រោះព្រោះតែវិបត្តិ COVID-19 ជាពិសេសក្រុង Queenstown នេះតែម្តង ដែលជាកន្លែងល្បីឈ្មោះសម្រាប់ការធ្វើទេសចរណ៍៕