(សេអ៊ូល)៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-kyum នៅថ្ងៃអាទិត្យនេះ បានប្រាប់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ចំនួន១លានដូស ពីសហរដ្ឋអាមេរិក នឹងមកដល់កូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។
ក្នុងជំនួបលើកដំបូងរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន កាលពីពេលកន្លងទៅ ក្នុងខែឧសភានេះ លោក បៃដិន បានសន្យាផ្តល់វ៉ាក់សាំង COVID-19 ចំនួន៥៥០,០០០ដូស សម្រាប់កងទ័ពកូរ៉េខាងត្បូង។ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា បង្កើតភាពជាដៃគូវ៉ាក់សាំងមួយ ដែលសំដៅជំរុញការផ្គត់ផ្គង់វ៉ាក់សាំង នៅក្នុងតំបន់ និងទូទាំងពិភពលោក។
បើតាមលោក Kim Boo-kyum វិញ ចំនួនវ៉ាក់សាំង Johnson & Johnson ដែលនឹងត្រូវផ្តល់ឲ្យមកកូរ៉េខាងត្បូង ឥឡូវកើនទ្វេដងគឺដល់ខ្ទង់១លានដូស ហើយនឹងមកដល់ក្នុងសប្តាហ៍ក្រោយនេះ។ វ៉ាក់សាំង Johnson & Johnson តម្រូវឲ្យចាក់តែមួយដូសប៉ុណ្ណោះ។ គិតត្រឹមថ្ងៃសៅរ៍នេះ មនុស្សប្រហែល៥.៤លាននាក់ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងសរុប ៥២លាននាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស ចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។
សម្រាប់ស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 វិញ កូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីអ្នកស្លាប់ ០៦នាក់ទៀត និងឆ្លងថ្មីៗ ៤៨០នាក់ នាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៉ីបូព៌ាមួយនេះ បន្តកើនដល់ ១៣៩,៩១០នាក់ ក្នុងនោះស្លាប់កើនដល់១,៩៥៧ ហើយជាសះស្បើយសរុបជាង១៣០,០០០នាក់៕