(ប៉េកាំង)៖ ប្រទេសចិនបានមើលឃើញវ៉ាក់សាំងបង្ការ COVID-19 ចំនួន ២១ ដែលបាននិងកំពុងស្ថិតក្នុងការធ្វើតេស្តលើមនុស្ស ខណៈកន្លងមកនេះវ៉ាក់សាំងចំនួន ០៣ រួចទៅហើយ ត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់។ នេះបើតាមទិន្នន័យពីគណៈកម្មការសុខាភិបាលជាតិចិន (NHC) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

បើតាមលោក ហ្សេង យីស៊ីន (Zeng Yixin) អ្នកនាំពាក្យរបស់ NHC បានលើកឡើងថា វ៉ាក់សាំងចំនួន ០៨ ក្នុងចំណោមបេក្ខភាពវ៉ាក់សាំងទាំងអស់ ដែលកំពុងឆ្លងកាត់ការធ្វើតេស្តនៅក្នុងប្រទេសចិន ត្រូវបានអនុម័តឲ្យធ្វើតេស្តនៅដំណាក់ទី ៣ (ចុងក្រោយ) ហើយមួយក្នុងចំណោមនោះ គឺជាវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យាអភិវឌ្ឍ mRNA (ដូចវ៉ាក់សាំង Pfizer និង Moderna របស់អាមេរិក)។

គួរបញ្ជាក់ថា ចិនមានគោលដៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រជាជនខ្លួនប្រមាណ ៧០% នៃចំនួនប្រជាជនសរុបទាំង ១,៤៣៩លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១ ដើម្បីកសាងជញ្ជាំងភាពសុំាដ៏អស្ចារ្យ នៅក្នុងសហគមន៍ធំបំផុតលើពិភពលោកមួយនេះ។ គិតត្រឹមចុងសប្តាហ៍មុន ចិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 ជាង ៧៦៣លានដូសហើយ ជូនដល់ប្រជាជននៅទូទាំងប្រទេស៕