(ប្រេស៊ីឡា)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើការស្នើយ៉ាងទទូច ឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer ធ្វើការបញ្ជូនវ៉ាក់សាំង ដែលត្រូវបានគ្រោងបញ្ជូនមកកាន់ ប្រទេសអាមេរិកឡាទីនមួយនេះឡើងវិញ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង កំពុងជួបប្រទះភាពយឺតយ៉ាវខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
ការស្នើរបស់លោក បូលសូណារ៉ូ ខាងលើនេះ គឺជាការត្រលប់ថយក្រោយវិញ បន្ទាប់ពីការបដិសេធកាលពីឆ្នាំ២០២០ ក្នុងការទទួលយកសំណើផ្តល់ជូនវ៉ាក់សាំង ពីសំណាក់ក្រុមហ៊ុនអាមេរិក Pfizer ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុកនៅប្រេស៊ីលនោះ។ លោក បូលសូណារ៉ូ បានធ្វើការស្នើបែបនេះ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូខុនហ្វ្រិន ជាមួយនាយកប្រតិបត្តិ Pfizer ប្រចាំប្រេស៊ីលលោក ម៉ាតា ដាយអ៊ែស (Marta Diez)។
គួរបញ្ជាក់ថា លោក បូសូណារ៉ូ រួមជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល បានស្នើឲ្យក្រុមហ៊ុន Pfizer ពន្លឿនការផ្តល់វ៉ាក់សាំងមកកាន់ខែមិថុនានេះវិញ ខណៈគម្រោងកាលពីមុន គឺវ៉ាក់សាង Pfizer នឹងត្រូវមកដល់នៅអំឡុងត្រីមាសទី ៤ នៃឆ្នាំ២០២១ឯណោះ។ ទោះជាយ៉ាងនេះក្តី តំណាង Pfizer ប្រចាំនៅប្រេស៊ីលមិនទាន់ធ្វើការឆ្លើយតបវិញឡើយ។
ប្រជាជនប្រេស៊ីលប្រមាណជិតកន្លះលាននាក់ហើយ បានស្លាប់ដោយសារ COVID-19 គិតចាប់តាំងពីវីរុសនេះ ត្រូវបានរកឃើញដំបូង កាលពីអំឡុងដើមឆ្នាំ២០២០។ ប្រទេសប្រេស៊ីលដែលមានប្រជាជនសរុប ២១០លាននាក់ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៧៨លានដូស ក្នុងនោះប្រជាជន ២៣.៦លាននាក់ ឬស្មើនឹង ១១% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕