(សាន់ត្យាហ្គោ)៖ ដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសឈីលី (ស៊ីលី) សម្រេចបានប្រមាណ ៥៩.២% រួចទៅហើយ នៃចំនួនប្រជាជនដែលត្រូវបានដាក់គោលដៅចាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលឈីលីបានបញ្ចេញទិន្នន័យ នៅដើមសប្តាហ៍នេះថា ប្រទេសអាមេរិកឡាទីនមួយនេះ មានគោលដៅចាក់វ៉ាក់សាំងឲ្យបាន ៨០% នៃប្រជាជនសរុបរបស់ខ្លួនទាំង ១៩.២៧លានាក់។ គិតត្រឹមដើមសប្តាហ៍នេះដដែល ប្រជាជនឈីលីសរុបជាង ៩លាននាក់បានចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស (៥៩.២% នៃចំនួនប្រជាជនស្ថិតក្នុងគោលដៅចាក់) និង ១១.៤៣លាននាក់បានចាក់យ៉ាងហោចណាស់ ១ដូស។

គួរបញ្ជាក់ថា ឈីលីបានក្លាយជាប្រទេស ១ ក្នុងចំណោម ៣ នៅលើពិភពលោក ដែលសម្រេចបានលទ្ធផលគាប់ប្រសើរ នៃការចាក់វ៉ាក់សាំងខាងលើនេះ ខណៈការឆ្លងរាតត្បាត COVID-19 នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ឈីលីមានអ្នកឆ្លង COVID-19 សរុប ១,៤៨២,៦៦៣ករណី ក្នុងនោះស្លាប់ ៣០,៨០៤នាក់ និងជាសះស្បើយវិញ ១,៤០៦,៥៥៥នាក់៕