(សាន់ហ្វ្រាន់ស៊ីស្កូ)៖ កាលីហ្វ័រញ៉ាគឺរដ្ឋដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដែលបានប្រកាសបិទទ្វារ កាលពីកំលុងពេលដែលជំងឺ COVID-19 រាតត្បាតក្នុងកម្រិតធ្ងន់ ប៉ុន្តែចាប់ពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតមួយនេះ នឹងត្រូវដកចេញនូវវិធានការរឹតត្បិត ស្ទើរតែទាំងស្រុងតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ គ្មានទៀតឡើយនូវការអនុវត្តគម្លាតសង្គម ហើយក៏គ្មានការកំណត់ចំនួនមនុស្ស ចូលទៅកាន់ភោជនីយដ្ឋាន, បា, ផ្សារទំនើប, ក្លឹបហាត់ប្រាណ, ពហុកីឡដ្ឋាន និងកន្លែងផ្សេងៗទៀតដែរ។ បន្ថែមពីនេះ កាតព្វកិច្ចចាក់វ៉ាក់សាំង ក៏មិនតម្រូវឲ្យត្រូវតែមានទៀតនោះដែរ ប៉ុន្តែក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋមួយចំនួន នៅតែអាចតម្រូវឲ្យបុគ្គលិកខ្លួន ចាក់វ៉ាក់សាំងបង្ការ COVID-19 ជាកាតព្វកិច្ចបាន។
គួរបញ្ជាក់ថា នេះគឺជាការបើកទ្វារដ៏ធំ មិនធ្លាប់មាននោះទេក្នុងរយៈពេល ១៥ខែមកនេះសម្រាប់រដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រជាជនរស់នៅជិត ៤០លាននាក់ និងធ្លាប់បានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺ COVID-19។ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋកាលីហ្វ័រញ៉ាតែឯងបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤០.៥លានដូស ជូនប្រជាជន ក្នុងនោះ ១៨.៤លាននាក់ ឬស្មើនឹង ៤៦.៦% នៃប្រជាជនសរុបក្នុងរដ្ឋនេះ បានទទួលការចាក់គ្រប់ដូស៕