(អាហ្រ្វិក)៖ ធនាគារពិភពលោក (WB) និងក្រុមការងារទិញវ៉ាក់សាំង (AVATT) នៃសហភាពអាហ្រ្វិក (AU) នៅដើមសប្តាហ៍នេះ បានប្រកាសពីការសម្រេចចិត្តធ្វើការរួមគ្នា ដើម្បីចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ប្រជាជនអាហ្វ្រិកស្ថិតក្នុងគោលដៅចំនួន ៤០០លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស (David Malpass) បានជួបពិភាក្សាគ្នាជាមួយ ក្រុមការងារពិសេស AVATT អំពីមធ្យោបាយ ដើម្បីពន្លឿនការចែកចាយវ៉ាក់សាំងនៅក្នុងទ្វីបអាហ្រ្វិក។ កន្លងមក AVATT បានធានាក្នុងការទទួលបាននូវវ៉ាក់សាំងពីក្រុមហ៊ុន Johnson & Johnson សរុប ៤០០លានដូស ក្រោមការគាំទ្រពីសំណាក់ធនាគារអាហ្រ្វិក Afreximbank។
នៅក្រោមរចនាសម្ព័ន្ធ AVATT វ៉ាក់សាំង COVID-19 ត្រូវបែងចែងទៅកាន់រដ្ឋជាសមាជិក AU ដោយយោងទៅតាមទំហំប្រជាជនរៀងៗខ្លួន តាមរយៈយន្តការទិញវ៉ាក់សាំងជារួម។ មកទល់ពេលនេះ បណ្តាប្រទេសអាហ្រ្វិកទទួលបានវ៉ាក់សាំងសរុបប្រមាណ ៥៤.៩លានដូស ក្នុងនោះ ៣៥.៩លានដូស ត្រូវបានចាក់គិតនៅទូទាំងទ្វីបអាហ្រ្វិក។
គួរបញ្ជាក់ថា យោងតាមទិន្នន័យពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់អាហ្រ្វិក ករណីឆ្លង COVID-19 សរុប ៥.០៥លានករណី ត្រូវបានរាយការណ៍ ក្នុងនោះស្លាប់ជិត ១៣៥,០០០នាក់ និងជាសះស្បើយវិញ ៤.៥លាននាក់៕