(តូក្យូ)៖ មនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និងច្រើនជាង១០០នាក់បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាគ្រោះរអិលបាក់ដីជាច្រើនកន្លែង នៅឯទីក្រុង Atami ភាគកណ្ដាលប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។
មន្ត្រីជប៉ុននៅក្នុងតំបន់ម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាមនុស្សម្នាក់ទៀតត្រូវបានគេទទួលស្គាល់ថាបានស្លាប់ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់៣នាក់ ខណៈមនុស្ស ១១៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ នៅក្នុងទីក្រុង Atami ស្ថិតចម្ងាយ៩០គីឡូម៉ែត្រពីនិរតីទីក្រុងតូក្យូ។ មន្ត្រី រូបនេះដដែលបន្ថែមថាភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់, គ្រោះរអិលបាក់ដី និងល្បាប់ភក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុន គ្រោះរអិលបាក់ដីក៏បានបង្កឱ្យអគារចំនួន ១៣០ រងការខូចខាតផងដែរ រីឯក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការ ជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួន៕