(កាប៊ុល)៖ ក្រុមអ្នកប្រយុទ្ធតាលីបង់ និងកងកម្លាំងស្មោះស័្មគ្រនឹង មេដឹកនាំចលនាប្រឆាំងតាលីបង់ លោក អះម៉ាត់ ម៉ាសសូដ (Ahmad Massoud) បានបើកការវាយប្រយុទ្ធគ្នាទៅវិញទៅមក យ៉ាងក្ដៅគគុកនៅឯតំបន់ជ្រលងភ្នំ ផាន់ហ្សៀរ (Panjshir) នៃខេត្ត ផាន់ហ្សៀរ (Panjshir) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈក្រុមតាលីបង់កំពុងបង្កើតរដ្ឋាភិបាលថ្មីនៅកាប៊ុល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានចូលទៅក្នុងខេត្ត Panjshir ដោយដណ្ដើមកាន់កាប់ទឹកដីជាច្រើន។ លោក Mujahid បានគូសបញ្ជាក់ដូច្នេះថា «យើងបានចាប់ផ្ដើមប្រតិបត្តិការបន្ទាប់ពីកិច្ចចរចា ជាមួយក្រុមប្រដាប់អាវុធក្នុងតំបន់ទទួលបរាជ័យ... ពួកយើងបានចូលទៅក្នុងខេត្ត Panjshir និងបានវាយដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួន ហើយពួកគេ (សត្រូវ) បានខាតបង់យ៉ាងធ្ងន់ធ្ងរ»។
ប៉ុន្តែ ក្រុមចលនាតស៊ូជាតិអាហ្វហ្កានីស្ថាន (NRFA) បានអះអាងថា ពួកគេកំពុងឈរជើង និងគ្រប់គ្រងច្រកចេញចូលទាំងអស់នៃខេត្ត Panjshir ហើយកំពុងវាយបកទៅលើសត្រូវវិញ។ Panjshir គឺជាខេត្តតែមួយគត់ក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមិនទាន់ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់ ដែលកំពុងឡោមព័ទ្ធខេត្តមួយនេះ ជាមួយការព្រមានថា នឹងវាយយកខេត្តនេះដោយកម្លាំង ប្រសិនបើចលនាតស៊ូ NRFA មិនព្រមចុះចាញ់។
គួរបញ្ជាក់ថា តំបន់ភូមិសាស្ត្រជ្រលងភ្នំនៃខេត្ត Panjshir ត្រូវបានចាត់ទុកថា ជាតំបន់យុទ្ធសាស្ត្រមួយ ដែលអំណោយផលដល់ការលាក់ខ្លួន និងបង្កើតយុទ្ធសាស្ត្រធ្វើសង្គ្រាម។ កាលពីជាងមួយសប្តាហ៍មុន លោក Ahmad Massoud បានអះអាងថា កងកម្លាំងតស៊ូក្នុងខេត្ត Panjshir ប្រមាណ ៩,០០០នាក់ ត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធតទល់នឹងក្រុមតាលីបង់៕