(ញូយ៉ក)៖ រដ្ឋនៅតាមបណ្តោយឆ្នេរភាគខាងកើតនៃសហរដ្ឋអាមេរិក បានទទួលរងឥទ្ធិពលពីកន្ទុយព្យុះហឺរីខិន អាយដា (Ida) យ៉ាងដំណំ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុកបំផុត មិនធ្លាប់មានពីមុនមក ជាពិសេសនៅរដ្ឋញូយ៉ក និងញូជឺស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។
បើតាមអាជ្ញាធរអាមេរិក មនុស្សយ៉ាងហោចណាស់ ៤៦នាក់ហើយបានបាត់បង់ជីវិត ដោយសារតែឥទ្ធិពលបន្សល់ទុកពីព្យុះហឺរីខិន Ida។ ជនរងគ្រោះទាំងអស់ សុទ្ធតែបានស្លាប់ដោយសារតែ ការលង់ទឹកនៅតាមផ្ទះ និងក្នុងរថយន្ត ខណៈទឹកជំនន់បានកើនឡើងយ៉ាងលឿនរហ័សពេក ទាំងនៅក្នុងរដ្ឋ ញូយ៉ក, ម៉ារីលែន, ញូជឺស៊ី, ភែនស៊ីលវេនៀ និង ខុនណិចធីខាត់ ផងដែរ។
អាជ្ញាធរអាមេរិកបានបញ្ជាក់ទៀតថា តំបន់ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារតែទឹកជំនន់កម្រកើតមានបំផុត នៅក្នុងប្រវត្តិសាស្ត្រនោះ គឺនៅរដ្ឋ ញូជឺស៊ី ចំនួន ២៣នាក់ និងទីក្រុងញូយ៉កចំនួន ១៣នាក់។ ដោយឡែកនៅរដ្ឋ ភែនស៊ីលវេនៀ វិញមានមនុស្ស ០៥នាក់បាត់បង់ជីវិត។
គួរបញ្ជាក់ថា នៅមុនគ្រោះធម្មជាតិដ៏អាក្រក់នេះកើតឡើង អាជ្ញាធរទីក្រុងញូយ៉កបានចេញការប្រកាសអាសន្នកាលពីថ្ងៃពុធ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាគ្រោះទឹកជំនន់កើតឡើង។ ទឹកជំនន់បានវាយលុកខ្លាំងនៅតំបន់ខាងលើនេះ ចាប់តាំងពីយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅភាគខាងកើតសហរដ្ឋអាមេរិក)៕