(ដាម៉ាស់)៖ ទីភ្នាក់ងារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា អ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស លើគោលដៅជាច្រើននៅក្នុងរដ្ឋធានីដាម៉ាស់ នៃប្រទេសស៊ីរី កាលពីពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅទីក្រុងដាម៉ាស់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។
បើតាម SANA ប្រព័ន្ធការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលជាច្រើនគ្រាប់ នៅពីលើដែនអាកាសនៃភាគនិរតីរដ្ឋធានីដាម៉ាស់។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ធ្វើឡើងចេញពីផ្នែកខាងក្នុងដែនអាកាសលីបង់។
ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ ខណៈនេះគឺជាការវាយប្រហារតាមផ្លូវអាកាស លើកចុងក្រោយបំផុតរបស់អ៉ីស្រាអែល លើប្រទេសស៊ីរី។ គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលតែងតែធ្វើការវាយប្រហារ ទៅលើមូលដ្ឋាននានាក្នុងប្រទេសស៊ីរី ដោយចោទថា ជាទីតាំងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ គាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលអាចបង្កគ្រោះភ័យចំពោះអ៊ីស្រាអែល៕