(ហ្សឺណែវ)៖ ប្រជាជនអាហ្វហ្កានីស្ថានជាច្រើនកំពុងជួបការលំបាក ក្នុងការប្រកបរបរចិញ្ចឹមគ្រួសាររបស់ពួកគេ ចំពេលមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ នៅមុនពេលក្រុមសកម្មប្រយុទ្ធតាលីបង់ បានឡើងកាន់កាប់អំណាចកាលពីខែមុនមកម្ល៉េះ ហើយឥឡូវនេះប្រជាជនរាប់លាននាក់ អាចប្រឈមមុខនឹងភាពអត់ឃ្លាន ខណៈសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏កំពុងធ្លាក់ចុះជាលំដាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។
លោកស្រី ម៉ារី អ៊ែលលែន ម៉ាក្រូធី (Mary-Ellen McGroarty) នាយកទទួលបន្ទុករៀបចំកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters តាមរយៈខ្សែវីឌីអូពីទីក្រុងកាប៊ុល (Kabul) ថា «ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ វាគ្មានសំណាញ់សុវត្ថិភាពជាតិនោះទេ... ចាប់តាំងពីថ្ងៃទី១៥ ខែសីហា (នៅពេលដែលក្រុមតាលីបង់ បានឡើងកាន់កាប់អំណាច) យើងបានឃើញវិបត្តិនានាកើនឡើង ជាមួយនិងដំណើរទៅរកការដួលរលំនៃសេដ្ឋកិច្ច ដែលនឹងមកដល់សម្រាប់ប្រទេសនេះ»។
លោកស្រី Mary-Ellen McGroarty បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ស្ថានភាពដែលយើងកំពុងលាតត្រដាងនៅពេលនេះ ពិតជាគួរឱ្យរន្ធត់ ហើយវាអាចក្លាយជាគ្រោះមហន្តរាយមនុស្សធម៌»។ ដោយឡែក បើតាមអង្គការស្បៀងអាហារពិភពលោក (WFP) តម្លៃស្បៀងអាហារបានកើនឡើង ចាប់តាំងពីគ្រោះរាំងស្ងួតលើកទី ២ ក្នុងរយៈពេល ០៤ឆ្នាំចុងក្រោយ ដែលបានបំផ្លាញដំណាំស្រូវសាលីប្រហែល ៤០ភាគរយ។
គួរបញ្ជាក់ថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ អាចប្រឈមមុខនឹងភាពអត់ឃ្លានភ្លាមៗ ដោយសារតែបញ្ហាធំៗជាច្រើនកើតឡើងព្រមៗគ្នា នោះគឺជម្លោះប្រដាប់អាវុធ គ្រោះរាំងស្ងួត និងជំងឺឆ្លងរាតត្បាត COVID-19។ អង្គការ WFP បានអំពាវនាវជាបន្ទាន់នូវទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិក ជាមួយនិងការព្រមានថា ការផ្គត់ផ្គង់ស្បៀងអាហាររបស់អង្គការនេះ នឹងត្រូវឈានដល់ទីបញ្ចប់នៅត្រឹមខែតុលា ឆ្នាំ២០២១ ស្របពេលរដូវរងានឹងឈានចូលមកដល់ នៅប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាបយ៉ឺន៕