(កាប៊ុល)៖ ក្រុមតាលីបង់ត្រូវបានគេរំពឹងថា អាចនឹងប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីរបស់ខ្លួន នៅថ្ងៃសុក្រនេះ ខណៈអន្តរជាតិកំពុងរង់ចាំមើលថា តើរបបថ្មីនេះអាចនឹងគោរពតាមពាក្យសន្យារបស់ខ្លួន ក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រីនៅអាហ្វហ្កានីស្ថានដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន AFP ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីតាលីបង់ពីររូប បានឱ្យដឹងទៀតថា ការប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីនេះអាចនឹងធ្វើឡើង នៅក្រោយការថ្វាយបង្គំថ្ងៃសុក្រ ពេលរសៀលរួច (ម៉ោងនៅទីក្រុងកាប៊ុល)។

ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថានកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅមក មិនទាន់មានប្រទេសណាមួយប្រកាសទទួលស្គាល់ ក្រុមតាលីបង់នៅឡើយទេ។ ប៉ុន្តែព្រមពេលជាមួយគ្នា បណ្ដាប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកបានបញ្ជាក់ថា អាចនឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលតាលីបង់ ប្រសិនបើការសន្យាគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្រី្តត្រូវបានអនុវត្ត។

គួរបញ្ជាក់ថា ទោះបីជាការប្រកាសផ្លូវការនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃសុក្រនេះមែន ប៉ុន្តែសមាជិកមួយរូបនៃក្រុមតាលីបង់ បានបង្ហើបកាលពីថ្ងៃទី០១ ខែកញ្ញាថា លោក មូលឡោះ ហ៊ីបាធូលឡោះ អាខាន់ហ្សាដា (Mullah Hibatullah Akhundzada) អាយុ ៦០ឆ្នាំ នឹងក្លាយជាមេដឹកនាំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ខណៈការចរចាបង្កើតរដ្ឋាបាលថ្មី ឈានចូលដល់ទីបញ្ចប់។

នៅថ្ងៃដដែលនោះ សារព័ត៌មានក្នុងស្រុកនៅអាហ្វហ្គានីស្ថាន ក៏បានចុះផ្សាយផងដែរថា លោក មូលឡោះ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) មេដឹកនាំកំពូលទី ២ នៃក្រុមតាលីបង់ នឹងឡើងជារដ្ឋមន្ត្រីការបរទេស ខណៈលោក មូលឡោះ យ៉ាឃូប (Mullah Yaqoob) ដែលត្រូវជាកូនប្រុសរបស់មេដឹកនាំដំបូង នៃក្រុមតាលីបង់ នឹងឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិ។ ដោយឡែកលោក ខាលីហ្វា ហាកខានី (Khalifa Haqqani) ដែលត្រូវជាកូនប្រុសមេដឹកនាំម្នាក់ទៀតរបស់តាលីបង់ គឺលោក ហ្សេឡាលូដឌីន ហាកខានី (Jelaluddin Haqqani) នឹងឡើងធ្វើជារដ្ឋមន្ត្រីមហាផ្ទៃ៕