(វែលីងតោន)៖ ប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងធ្លាក់ចុះដ៏ច្រើន បើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអាជ្ញាធរបាននិយាយថា ប្រទេសនេះកំពុងលុបបំបាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួន Delta ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមអាជ្ញាធរនូវែលសេឡង់ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ២៧ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងអកលែនដ៍ (Auckland) និង ០១ករណីទៀតនៅក្នុងទីក្រុងវែលីងតោន (Wellington)។ ចំនួនករណីឆ្លងដែលត្រូវបានរកឃើញនៅថ្ងៃសុក្រនេះ គឺទាបជាងករណីឆ្លងចំនួន ៤៩ករណីដែលត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ និងទាបជាងករណីឆ្លងចំនួន ៧៥ករណីដែលត្រូវបានរកឃើញកាលពីប៉ុន្មានថ្ងៃមុន។
ជុំវិញបញ្ហានេះ នាយកផ្នែកសុខភាពសាធារណៈ លោកស្រីវេជ្ជបណ្ឌិត ខារ៉ូលីន ម៉ាកអ៊ែនឡេយ (Caroline McEnlay) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងកំពុងមើលឃើញជោគជ័យ ក្នុងការលុបបំបាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួន Delta ហើយ»។
ទោះជាបែបនេះក្ដី ប្រជាជនប្រហែល ១.៧លាននាក់នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ គឺទីក្រុង Auckland នៅតែស្ថិតក្រោមវិធានរឹតត្បឹតកម្រិតទី ៤ ដដែល ខណៈវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយ នៅក្នុងទីក្រុងដទៃទៀត ប៉ុន្តែសាលារៀន និងការិយាល័យ ក៏ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន និងកន្លែងសាធារណៈទាំងអស់ នៅតែត្រូវបានបិទដដែល។ ប្រជាជននូវែលសេឡង់ភាគច្រើន ត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសនូវែលសេឡង់ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣,៧២៩ករណី ក្នុងនោះមានអ្នកស្លាប់ ២៦នាក់ និងអ្នកជាសះស្បើយ ២,៩៤៨ករណី ខណៈតែជាងមួយភាគបួននៃប្រជាជននូវែលសេឡង់សរុបចំនួន ៥.១លាននាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ៕