(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៦,៤៨២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៩០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៤,៤៩០,៨៩៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧១៩,៦៧៤នាក់ និងជាសះស្បើយឡើងសរុប ៣៣.៩១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានមើលឃើញ អត្រាឆ្លងជំងឺ COVID-19 ឡើងវិញដល់ខ្ទង់រាប់សែនករណីក្នុងមួយថ្ងៃៗ និងអត្រាអ្នកជំងឺដែលបាត់បង់ជីវិត ក៏លោតដល់ក្បែរៗ ២,០០០នាក់ក្នុងមួយថ្ងៃ ឡើងវិញផងដែរ។ បញ្ហានេះបានកើតមានឡើង ដោយសារតែការរាតត្បាតវីរុសបំប្លែងខ្លួន Delta និងប្រជាជនជិតពាក់កណ្តាលទៀតនៅសហរដ្ឋអាមេរិក នៅតែមិនព្រម ឬមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៩៣លានដូស ក្នុងនោះប្រជាជន ២១៤.៣៣លាននាក់ (៦៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៤.៦លាននាក់ (៥៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ សម្រាប់ចំនួននៃការចាក់ដូសទី ៣ នៅទូទាំងសហរដ្ឋអាមេរិកវិញនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕