(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៨២៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១០,៧២៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១០៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៧៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១១,៨៩៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៦៣៧,៤៣២ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,០១៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៥០៨,១៦៧នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥១.៧៩លានដូស ក្នុងនោះប្រជាជន ១៩.៣៨លាននាក់ (២៧.៧១% នៃចំនួនប្រជាជានសរុប) បានទទួលការចាក់គ្រប់ដូស៕