(តៃប៉ិ)៖ យន្ដហោះចម្បាំងរបស់ចិនសរុប ៣៩គ្រឿង បានហោះចូលមកក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈ ស្ថានការណ៍ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់កាន់តែឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិន ៣៩គ្រឿង ក្នុងនោះមាន ២០គ្រឿងហោះចូលក្នុងដែនការពារអាកាសតៃវ៉ាន់នៅពេលថ្ងៃ កាលពីថ្ងៃសៅរ៍ម្សិលមិញ និង ១៩គ្រឿងផ្សេងទៀតបានហោះចូលនៅពេលយប់ថ្ងៃដដែល ហើយភាគច្រើននៃយន្ដហោះចម្បាំងទាំងនេះគឺជា ប្រភេទយន្ដហោះចម្បាំងធុន J-16 និង Su-30។
ជាការឆ្លើយតប តៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងទៅព្រមានយន្ដហោះចម្បាំងចិនឱ្យចេញពីតំបន់ដែនការពារដែនអាកាសរបស់ខ្លួន ក៏ដូចជា ប្រើប្រព័ន្ធខែលការពារមីស៊ីលតាមដានយន្ដហោះចម្បាំងចិនទាំងនោះដែរ។ ប៉ុន្តែភ្លាមៗ ភាគីចិនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការ អះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់នៅឡើយទេ៕