(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១នេះបានចោទប្រកាន់ថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាន់ឥរិយាបថ «ស្ដង់ដារពីរ» ពាក់ព័ន្ធនឹងសកម្មភាពយោធានៃបណ្ដារដ្ឋជាសមាជិក UN។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក Jo Chol Su ជាប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN បានបង្ហាញ យ៉ាងច្បាស់ថាស្ថាប័នកំពូលមួយនេះប្រកាន់ឥរិយាបថស្ដង់ដារពីរ ដ្បិតបានប្រងើយកន្តើយចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក រួមទាំងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងត្បូង តែបែររិះគន់ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងទៅវិញ។ លោក Jo Chol Su បន្ថែមថាការធ្វើតេស្ដមីស៊ីល របស់កូរ៉េខាងជើងគឺជាសកម្មភាពការពារខ្លួនសុទ្ធសាធ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃសុក្រកន្លងទៅនេះ តបតាមសំណើររបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃដើម្បីពិភាក្សាគ្នាពីការធ្វើតេស្ដបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ។