(ម៉ូស្គូ)៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយថាឧបសគ្គរាំងស្ទះទាំងឡាយក្នុងការចុះបញ្ជីទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 Sputnik V ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានដោះស្រាយរួចរាល់ នៅសល់តែកិច្ចការមួយចំនួនតូចទៀតប៉ុណ្ណោះដែលមិនបញ្ចប់ ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១។
លោក Mikhail Murashko ធ្វើការកត់សម្គាល់ខាងលើ ក្រោយលោកបានជួបពិភាក្សាការងារជាមួយប្រមុខអង្គការសុខភាពពិភពលោក WHO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ លោក Murashko បានបញ្ជាក់ដូច្នេះថា «ជំហររបស់រុស្ស៊ីចំពោះការលើកកម្ពស់ និងការចុះ បញ្ជីទទួលស្គាល់វ៉ាក់សាំង Sputnik V គឺមានភាពប្រាកដប្រជា ហើយយើងបានដោះស្រាយបញ្ហាទាំងឡាយនៅថ្ងៃនេះ (ថ្ងៃសៅរ៍)»។ លោកបន្ថែមថានៅសល់ តែកិច្ចការមួយចំនួនតូចប៉ុណ្ណោះនៅមិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្តែ ខាង WHO មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។
គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការ COVID-19 Sputnik V ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសរុស្ស៊ី និងត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់នៅក្នុង ប្រទេសចំនួន ៧០ នៅជុំវិញពិភពលោក។ វ៉ាក់សាំងនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យពី WHO និងទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅឡើយ ហើយក្នុង ករណីទទួលបានការទទួលស្គាល់ នោះវានឹងជួយបង្កើនទីផ្សារវ៉ាក់សាំង ជាពិសេសនៅក្នុងតំបន់អឺរ៉ុបតែម្ដង៕