(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៥,៣៧៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែអាទិត្យ ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៩ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ២,៤៦១នាក់។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន១១៤នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨០៨,៥៧៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៦៩៣,៧៩៧នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៩,៧១៥នាក់៕