(កាប៊ុល)៖ អ្នកនាំពាក្យតាលីបង់បាននិយាយថា មានករណីបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅច្រកចូលវិហារអ៊ីស្លាមមួយ នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យ ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១។
អ្នកនាំពាក្យលោក Zabihullah Mujahid បានគូសបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា ការផ្ទុះនេះបានកើតឡើងនៅជិតច្រកចូលវិហារ Eid Gah ក្នុងទីក្រុងកាប៊ុល។
ភ្លាមៗនេះ មិនទាន់មានក្រុមណាមួយបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ទោះយ៉ាងណាចាប់តាំងពីក្រុមតាលីបង់កាន់កាប់អាហ្វហ្គានីស្ថានកាលពីពាក់កណ្តាលខែសីហា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រឆាំងនឹងពួកគេមានការកើនឡើង។ ការកើនឡើងនេះបានបង្កើនលទ្ធភាពនៃជម្លោះកាន់តែទូលំទូលាយរវាងក្រុមទាំងពីរ៕