(សេអ៊ូល)៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Kim Boo-kyum បាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាទិញថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ ពីក្រុមហ៊ុន Merck & Co ចំនួន២០,០០០វគ្គព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។
វគ្គនៃការព្យាបាល អ្នកជំងឺកូវីដ១៩ ត្រូវលេបម្តង៤គ្រាប់ មួយថ្ងៃពីរដងសម្រាប់រយៈពេល៥ថ្ងៃ។
ក្រុមហ៊ុន Merck ក៏បានប្រកាសនៅថ្ងៃពុធនេះ នូវកិច្ចព្រមព្រៀងផ្គត់ផ្គង់ និងទិញជាមួយប្រទេសសិង្ហបុរីផងដែរ បន្ទាប់ពីប្រទេសអូស្ត្រាលី ខណៈប្រទេសថៃ កោះតៃវ៉ាន់ និងប្រទេសម៉ាឡេស៊ីបាននិយាយថា ពួកគេកំពុងចរចាដើម្បីទិញថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឹដូចគ្នាដែរ។
បើតាមក្រុមហ៊ុន Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ថ្នាំ molnupiravir ដែលត្រូវបានគេអះអាងថា មានប្រសិទ្ធភាពប្រឆាំងនឹង មេរោគបំប្លែងខ្លួន Delta និងមេរោគបំប្លែងខ្លួនផ្សេងៗទៀតនៃ COVID-19 ខណៈដែលថ្នាំនេះកំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ (ចុងក្រោយ) ដែលមានចំនួន ២ផ្នែកសំខាន់ៗនៅក្នុងនោះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះក្រុមហ៊ុន Merck ក៏បានប្រកាសផងដែរអំពីប្រសិទ្ធភាពនៃឱសថ molnupiravir ដោយវាអាចកាត់បន្ថយអត្រាហានិភ័យ ដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យ ឬបាត់បង់ជីវិតបានរហូតដល់ទៅ ៥០% សម្រាប់អ្នកឆ្លងជំងឺ COVID-19 ដែលមានអការៈរោគកម្រិតស្រាល ទៅមធ្យម៕