(ម៉ូស្គូ)៖ មជ្ឈមណ្ឌលត្រួតពិនិត្យនិងឆ្លើយតបជំងឺឆ្លងរុស្ស៊ីបានរាយការណ៍នៅថ្ងៃពុធនេះថា រុស្ស៊ីបានបញ្ជាក់ពីការស្លាប់ទាក់ទងនឹងជំងឺកូវីដ១៩ ចំនួន៩២៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេស ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២១២,៦២៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១។
ក្នុងថ្ងៃជាមួយគ្នានេះដែរ រុស្ស៊ីក៏បានរកឃើញអ្នកឆ្លើងថ្មីចំនួន២៥,១៣៣ករណីផងដែរ ដែលនាំចំនួនសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៧,៦៦២,៥៦០ករណី។ ចំណែកអ្នកជាសះស្បើយថ្មីមានចំនួន ១៩,៨៤១នាក់ នាំឲ្យអ្នកជាសះស្បើយសរុបកើនដល់ ៦,៧៧៨,៩០០នាក់។
ឧបនាយករដ្ឋមន្រ្តីលោកស្រី Tatyana Golikova បាននិយាយថា ប្រទេសរុស្ស៊ីអាចនឹងឈានដល់កម្រិតរកឃើញករណីឆ្លង ៣០,០០០ ករណីក្នុងមួយថ្ងៃ ខណៈករណីឆ្លងមានការកើនឡើងខ្លាំងនាពេលបច្ចុប្បន្ន៕