(កង់បេរ៉ា)៖ ទីក្រុងកង់បេរ៉ាបានប្រកាសជំហរច្បាស់លាស់របស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិកវិញថា អូស្ត្រាលីនឹងចូលរួមការពារកោះតៃវ៉ាន់ ចំពោះមុខភាពតានតឹង ដែលកាន់តែកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Anthony Blinken) បានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងអស់ នឹងចេញសកម្មភាពដែលមិនអាចនឹកស្មានដល់ ប្រសិនបើប្រទេសចិនបានជ្រើសរើស ប្រើប្រាស់កម្លាំងបាយទៅលើកោះតៃវ៉ាន់នោះ។
ជាការបញ្ជាក់ជំហរគាំទ្រ, រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ភីទើរ ដាត់ថុន (Peter Dutton) បានប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតអូស្ត្រាលី នៅព្រឹកថ្ងៃសៅរ៍នេះថា «វា នឹងក្លាយជា រឿង ដែលមិន នឹកស្មាន ដល់ ប្រសិនបើយើង មិន ចេញសកម្មភាពគាំទ្រ អាមេរិក ប្រសិនបើ អាមេរិក ជ្រើសរើស ចាត់វិធានការ (ការពារកោះតៃវ៉ាន់) នោះ»។ លោក Dutton ថែមទាំងបានអះអាងទៀតថា នេះគឺជាភាពស្មោះត្រង់រវាងសម្ព័ន្ធមិត្ត ដែលមិនមែនជាការប្តេជ្ញាចិត្តទុកជាមុន ឬជម្រើសនោះទេ ប៉ុន្តែវាជាអ្វីដែលយើងត្រូវធ្វើ។
គួរបញ្ជាក់ថា ក្រៅពីការចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ប្រទេសចិនក៏បានអះអាងថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អំពីការល្បាតប្រុងជើងការប្រយុទ្ធ របស់កងកម្លាំងយោធាចិន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។ សកម្មភាពនេះបានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនគណប្រតិភូសភា ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដោយឲ្យពួកគេជិះយន្តហោះយោធាថែមទៀត។
ភ្លាមៗបែបនេះ ទីក្រុងប៉េកាំងមិនទាន់ធ្វើការឆ្លើយតប ចំពោះការលើកឡើង ដោយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីខាងលើនេះឡើយ ខណៈទំនាក់ទំនងរវាង ចិន និងអូស្ត្រាលីត្រូវបានគេមើលឃើញថា បានប្រេះស្រាំស្រាប់ទៅហើយ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជម្លោះផ្នែកពាណិជ្ជកម្ម និងថ្មីៗនេះគឺសម្ព័ន្ធសន្តិសុខត្រីភាគី AUKUS ដែលមានគោលដៅទប់ទល់ចិននោះតែម្តង៕