(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា តម្រូវការចាក់វ៉ាក់សាំងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងជំរុញឱ្យជនជាតិអាមេរិកកាន់តែច្រើនឡើងៗ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកស្រី Jen Psaki បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាលពីសប្តាហ៍មុន យើងបានផ្ដល់ការចាក់វ៉ាក់សាំងជូនដល់មនុស្ស ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ជាមធ្យមជិត ៣០០,០០០ដូសក្នុងមួយថ្ងៃ ដែលកើនឡើងពីចំនួនតិចជាង ២៥០,០០០ដូសក្នុងមួយថ្ងៃ កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ មុនពេលលោក បៃដិន បានប្រកាសពីតម្រូវការចាក់វ៉ាក់សាំង»។
លោកស្រី Jen Psaki បានសង្កត់ធ្ងន់បន្ថែមថា «វាច្បាស់ណាស់ថា តម្រូវការទាំងនេះ ត្រូវបានជំរុញដោយការដឹកនាំរបស់លោកប្រធានាធិបតី ដែលមនុស្សកាន់តែច្រើន បានសម្រេចចិត្តទៅទទួលការចាក់វ៉ាក់សាំង។ ពួកគេនឹងបន្តពន្លឿនផ្លូវរបស់យើង ឆ្ពោះទៅរកការចេញពីជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកញ្ញា លោក ចូ បៃដិន បានប្រកាសតម្រូវឲ្យ «អ្នកបម្រើការងារទាំងអស់ ចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំង ឬការធ្វើតេស្តរក COVID-19 ជាប្រចាំ ដែលជាកាតព្វកិច្ចមិនអាចប្រកែកបាន»។ បទបញ្ជានេះ គឺស្ថិតក្នុងគោលដៅជំរុញឲ្យ អត្រាចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក ស្ទុះងើបឡើងវិញ បន្ទាប់ពីបានជាប់គាំងនៅត្រឹមជាង «៥០% នៃចំនួនប្រជាជនសរុប» អស់ជាច្រើនសប្តាហ៍ ដោយសារតែមនុស្សជាច្រើន នៅតែរារែកមិនព្រមទៅទទួលការចាក់វ៉ាក់សាំង៕