(មីងក៍)៖ ទាហានឆ័ត្រយោងរុស្ស៊ី ២នាក់បានបាត់បង់ជីវិត អំលុងការធ្វើសមយុទ្ធយោធាមួយ នៅលើទឹកដីប្រទេសបេឡារុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមប្រភពពីក្រសួងការពារជាតិរុស្ស៊ី ឆ័ត្រយោងរបស់ទាហានទាំងពីរ បានដំណើរការជាធម្មតា នៅពេលពួកគេលោតចុះពីលើឧទ្ធម្ភាគចក្រ ប៉ុន្តែដោយសារតែខ្យល់កន្ត្រាក់ កើតមានឡើងភ្លាមៗទៅលើពួកគេ ទើបបានបណ្តាលឲ្យពួកគេជួបគ្រោះថ្នាក់តែម្តង។
គួរបញ្ជាក់ថា ក្រោយកើតហេតុ ទាហានទាំងពីរនាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការសង្គ្រោះភ្លាមៗ ប៉ុន្តែអការៈរបួសរបស់ពួកគេ គឺធ្ងន់ធ្ងរខ្លាំងពេក ទើបបានបណ្តាលឲ្យពួកគេបាត់បង់ជីវិត។ ក្រសួងការពារជាតិបេឡារុស បានសម្តែងចេញនូវសមានទុក្ខ ជូនចំពោះភាគីរុស្ស៊ីផងដែរ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី ទាហានរបស់ខ្លួនសរុប ២៥០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសបេឡារុស កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីចូលរួមនៅក្នុងសមយុទ្ធយោធាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជិតខាងដ៏ល្អូកល្អឺនទាំងពីរ។ យន្តហោះដឹកជញ្ជូនយោធាខ្នាតធំ IL-76 របស់រុស្ស៊ី ក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ៕