(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩០,២០៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៨៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,៨៣៤,៨១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៨២,៩៣៣នាក់ និងជាសះស្បើយឡើងសរុប ៣៧.៨៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា តម្រូវការចាក់វ៉ាក់សាំងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងជំរុញឱ្យជនជាតិអាមេរិកកាន់តែច្រើនឡើងៗ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៣៤លានដូស ក្នុងនោះប្រជាជន ២២៤.៦៦លាននាក់ (៦៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩២.៩៣លាននាក់ (៥៨.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕