(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសឲ្យដឹងថា ជំនួបតាមប្រព័ន្ធវីដេអូអនឡាញ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជិនពីង នឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយនេះ ខណៈភាពតានតឹងរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ កំពុងកើនឡើងយ៉ាងខ្លាំងក្លា លើបញ្ហាកោះតៃវ៉ាន់ សិទ្ធិមនុស្ស និងពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានប្រាប់ក្រុមអ្នកកាសែតថា «មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នា អំពីវិធីសាស្ត្រដើម្បីគ្រប់គ្រងការប្រកួតប្រជែង ប្រកបដោយភាពទទួលខុសត្រូវ រវាងប្រទេសទាំងពីរ ក៏ដូចជាមធ្យោបាយដើម្បីធ្វើការងារជាមួយគ្នា លើវិស័យដែលបម្រើផលប្រយោជន៍ស្របគ្នារបស់យើង»។
លោកស្រី ចេន ផ្សាគី បានសង្កត់ធ្ងន់បន្ថែមទៀតថា «នៅក្នុងឱកាសនៃកិច្ចពិភាក្សានោះ លោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើការបង្ហាញឲ្យច្បាស់លាស់ នូវចេតនា និងអាទិភាពរបស់សហរដ្ឋអាមេរិក... ហើយក៏នឹងបង្ហាញភាពច្បាស់លាស់ អំពីកង្វល់របស់អាមេរិក ជាមួយសាធារណរដ្ឋប្រជាមានិតចិនផងដែរ»។
គួរបញ្ជាក់ថា ជំនួបខាងលើនេះអាចនឹងកើតឡើង នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងប៉េកាំង) ដែលត្រូវនឹងល្ងាចថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)។ នៅក្នុងឆ្នាំ ២០២១ នេះ ជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន បានប្រព្រឹត្តទៅ ២លើករួចមកហើយ ប៉ុន្តែគឺតាមរយៈខ្សែទូរស័ព្ទប៉ុណ្ណោះ៕