(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ និងមានអត្ថន័យធំធេងមួយសម្រាប់ប្រទេសចិន បានចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នារដ្ឋធានីប៉េកាំង នោះគឺកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី ១៩ ក្រោមអធិបតីភាពលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ ឆ្នាំ២០២១នេះ គឺជាឆ្នាំដែលមានលក្ខណៈពិសេសនៃប្រទេសចិន គឺជាឆ្នាំនៃការចាប់ផ្ដើមផែនការ ៥ឆ្នាំ ទី១៤ ជាឆ្នាំចាប់ផ្ដើមនៃដំណើរថ្មីនៃទំនើបកម្ម ហើយក៏ជាឆ្នាំគម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិនផងដែរ។ អ្វីដែលបានបង្ហាញជូនក្នុងកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី ១៩ នេះ គឺការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម បានរាយការណ៍និងបូកសរុបនូវសមិទ្ធិផលសំខាន់ៗ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រ នៃការតស៊ូយ៉ាងស្វិតស្វាញរបស់បក្សរយៈពេល ១០០ ឆ្នាំមកនេះ។
តាមរយៈសមិទ្ធផលដ៏មហិមាទាំងនេះបានឆ្លុងបញ្ចាំងឱ្យឃើញថា ចាប់តាំងពីបក្សកុម្មុយនិស្តចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២១ ស្មារតីដ៏រឹងមាំរបស់បក្សកុម្មុនីស្ដចិន គឺតែងតែចាត់ទុកសុភមង្គលរបស់ប្រជាជនចិន និងការរស់ឡើងវិញនៃប្រជាជាតិចិន ជាបេសកកម្មដ៏ចម្បងរបស់ខ្លួន ហើយតែងតែប្រកាន់ខ្ជាប់នូវឧត្តមគតិកុម្មុយនិស្ត និងបានដឹកនាំប្រជាជនគ្រប់ជាតិសាសន៍ទូទាំងប្រទេស តស៊ូដើម្បីឯករាជ្យជាតិ រំដោះប្រជាជន និងសម្រេចបាននូវភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន បានឆ្លងកាត់ការតស៊ូមិនឈប់ឈរ និងមិនចេះនឿយហត់។
តាមរយៈគោលជំហរស្នូលរបស់បក្ស ក្នុងការរក្សាបានយ៉ាងម៉ឺងម៉ាត់ នូវសិទ្ធិអំណាចរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងការដឹកនាំបែបមជ្ឈិម និងបង្រួបបង្រួម ដើម្បីធានាថាបក្សទាំងមូល ត្រូវតែឆ្ពោះទៅមុខដោយឯកច្ឆ័ន្ទ ក៏ដូចជាការពង្រឹងសមត្ថភាពបក្សក្នុងការដឹកនាំប្រជាជនគ្រប់ជនជាតិ ក្នុងប្រទេសបន្តការតស៊ូដើម្បីសម្រេចក្តីសុបិនរបស់ចិន រួមទាំងការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន យើងអាចមើលឃើញពីការតស៊ូជាច្រើនសតវត្សរ៍ របស់បក្សកុម្មុយនីស្ដចិន ថាហេតុអ្វីបានជាប្រទេសចិនទទួលបានជោគជ័យ តាំងពីអតីតកាល និងបន្តជោគជ័យដល់បច្ចុប្បន្ន ហើយនឹងបន្តជោគជ័យដ៏ខ្លាំងក្លាទៅថ្ងៃអនាគត? នោះហើយគឺការប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់និងមានមនសិការបំពេញបេសកកម្មចម្បងរបស់ចិនដែលបានកំណត់យកសុភមង្គលរបស់ប្រជាជនចិន និងការរស់ឡើងវិញនៃប្រជាជាតិចិនជាអាទិភាព។
មិនខុសទេចំណុចជាសំខាន់គឺ ការយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងបច្ចុប្បន្ន និងបន្តច្នៃប្រឌិតអនាគត។ អ្វីដែលយើងមើលឃើញនូវសមិទ្ធិផលសំខាន់ៗ ដែលលេចឡើងនិងបទពិសោធន៍ជាប្រវត្តិសាស្ត្រ នៃការតស៊ូរាប់សតវត្សរបស់បក្សកុម្មុនីស្ដចិន គឺផ្អែកលើចំណុចសំខាន់ៗដូចជា ការចាប់ផ្តើមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយម សម័យទំនើបគ្រប់ជ្រុងជ្រោយ ក្រោមលក្ខខណ្ឌប្រវត្តិសាស្ត្រ នៃការបង្កើតបក្សអស់រយៈពេលមួយសតវត្ស និងដើម្បីលើកតម្កើង និងអភិវឌ្ឍសង្គមនិយមតាមលក្ខណៈចិនក្នុងយុគសម័យថ្មី, ការពង្រឹងសតិសម្បជញ្ញៈ, ទំនុកចិត្តលើខ្លួនឯង, ការសម្រេចបាននូវការការពារ ដើម្បីធានាថាគណបក្សទាំងមូលឈានទៅមុខដោយឯកភាពគ្នា ក៏ដូចជាការជំរុញបដិវត្តន៍ខ្លួនឯង, ពង្រឹងសមត្ថភាពបក្ស, ក្នុងការតស៊ូនិងឆ្លើយតបហានិភ័យ និងបញ្ហាប្រឈម រក្សាភាពរឹងមាំរបស់បក្សជារៀងរហូត ហើយរួបរួមគ្នា និងដឹកនាំប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងប្រទេស បន្តការតស៊ូដើម្បីសម្រេចក្តីសុបិនចិន នៃការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិន។
ជាពិសេសក្នុងរយៈពេល ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុនីស្ដចិនកន្លងមកនេះ បក្សបានដឹកនាំប្រទេសចិនដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិចិនរាប់ពាន់ឆ្នាំមកហើយ ដោយបង្កើតនូវសមិទ្ធិផលដ៏មហិមាដូចជា ការប្រយុទ្ធបង្ហូរឈាម និងការតស៊ូបានបង្កើតសមិទ្ធផលដ៏អស្ចារ្យ នៅក្នុងបដិវត្តន៍ប្រជាធិបតេយ្យថ្មី, ការពឹងលើខ្លួនឯងប្រឹងប្រែងធ្វើការ និងបង្កើតសមិទ្ធិផលធំៗក្នុងបដិវត្តន៍សង្គមនិយម, ការរំដោះខ្លួនចេញពីចិត្ត ឆ្ពោះទៅមុខដោយការតាំងចិត្ត និងបង្កើតសមិទ្ធផលធំៗក្នុងកំណែទម្រង់ ការបើកចំហ និងទំនើបកម្មសង្គមនិយម, ការទុកចិត្តលើខ្លួនឯង ការអភិវឌ្ឍខ្លួនឯង សុចរិតភាព និងការច្នៃប្រឌិតក្នុងយុគសម័យថ្មី។ អ្វីដែលយើងមើលឃើញជាក់ស្ដែង នូវភាពខ្លាំងដែលបង្កប់ពីក្រោយក្នុងការជំរុញឱ្យប្រទេសចិន មានភាពជោគជ័យដោយស្ថេរភាពនាពេលបច្ចុប្បន្ន និងទៅអនាគតនោះគឺ បក្សកុម្មុយនិស្ត ចិនបានដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្ស ដែលសមស្របនឹងសភាពការណ៍ជាតិនៃប្រទេសចិន រួមទាំងស្មារតីវេញចូលគ្នាជាធ្លុងមួយដ៏ខ្លាំងក្លារវាងបេះដូងបក្ស បេះដូងកងទ័ព និងបេះដូងប្រជាជនដែលមានភាពស្អិតរមួត។
ជារួមមកឃើញថា ប្រធានបទសំខាន់នៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី ១៩ គឺផ្ដោតលើបញ្ហាមនោគមន៍វិជ្ជា និងបញ្ហាពង្រឹងបក្សឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលបានឆ្លុះបញ្ចាំងតាមរយៈដំណើរការ អង្គប្រជុំក្នុងអត្ថន័យនៃការកែទម្រង់ និងការប្ដេជ្ញាចិត្តអនុវត្ដដ៏ខ្លាំងក្លា និងមោះមុតនៃបក្សកុម្មុយនីស្ដចិន ក្នុងការជំរុញ និងអភិវឌ្ឍន៍ប្រទេសចិន ប្រកបដោយស្ថេរភាព និងឈរក្នុងលំដាប់យ៉ាងខ្ពស់បំផុតក្នុងជំហរពិភពលោក ដែលបានចារឹកជាប្រវតិ្តសាស្ត្រដ៏មហិមា ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន។ ជាទិដ្ឋភាពវិជ្ជមានដ៏ជាក់ស្ដែង និងគួរឱ្យភ្ញាក់ផ្អើលគឺជាង ៧០ឆ្នាំនៃការគ្រប់គ្រងប្រទេសរបស់បក្សកុម្មុយនីស្ដចិនកន្លងមកនេះ ប្រទេសចិនមានសន្ទុះរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយក៏បានធ្វើឱ្យពិភពលោកបើកភ្នែកមើលមកចិន ដោយក្រសែភ្នែកស្ញប់ស្ញែង ចំពោះការរីកចម្រើនដ៏មហិមានេះ ព្រមទាំងទទួលបានការទទួលស្គាល់ជាទូទៅ និងការវាយតម្លៃខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិផងដែរ។
មិនត្រឹមតែប៉ុណ្ណោះមកដល់យុគសម័យចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាន់តែប្រកាន់ខ្ជាប់ក្នុងការតម្កល់ទុកសុភមង្គល និងផលប្រយោជន៍ប្រជាជនជាចម្បង និងបានកែលម្អជីវភាពរស់នៅរបស់ប្រជាជនចិន រហូតបង្កើតបានជាគំរូល្អលើពិភពលោកទាំងមូលផងដែរ។ រឹតតែពិសេសទៅទៀតនោះ ប្រទេសចិនក៏បានរួមចំណែកយ៉ាងធំសម្បើម ក្នុងការរក្សាបាននូវស្ថេរភាពសន្តិសុខ និងសេដ្ឋកិច្ច ក្នុងតំបន់និងក្នុងពិភពលោក ឱ្យដើរឆ្ពោះទៅមុខដោយវិជ្ជមាន តាមរយៈការផ្ដល់ជំនួយជាច្រើនដល់បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោកដោយរួមមានទាំងកម្ពុជាផងដែរ ដែលចិនចាត់ទុកថា កម្ពុជាជាមិត្តដែកថែបរបស់ចិន និងត្រូវយកចិត្តទុកដាក់បំផុត ហើយបើតាម” គោលនយោបាយដ៍ច្បាស់លាស់ ឆន្ទះដ៏មុតមាំ ស្មារតីរួមដ៏រឹងប៉ឺង ការអនុវត្តដ៏ជាក់ស្ដែង សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅពិតប្រាកដរបស់បក្សកុម្មុយនីស្ដចិន និយាយជារួម និងថ្នាក់ដឹកនាំចិនកំពូលៗដ៏ស្មោះត្រង់ ក្រោមការចង្អុលបង្ហាញរបស់ប្រធានរដ្ឋចិនលោក ស៊ី ជីនភីង និយាយដោយឡែកនោះប្រជាជាតិចិន នឹងកាន់តែមានក្ដីសុខសាន្ត ប្រទេសចិនកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា និងក្លាយជាគំរូល្អនៃពិភពលោកយ៉ាងពិតប្រាកដ”៕
ដោយ៖ លោក ប៉ាង រតនា (មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា)