(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា តម្រូវការសម្រាប់ជំនួយមនុស្សធម៌ នឹងកើនឡើងខ្ពស់នៅជុំវិញពិភពលោក ស្របពេលដែលជំងឺ COVID-19 នៅតែបន្តរាតត្បាត បូករួមជាមួយបញ្ហាប្រែប្រួលអាកាសធាតុ និងជម្លោះផ្សេងៗ ដែលបង្ខំឲ្យ មនុស្សកាន់តែច្រើនថែមទៀត ត្រូវប្រឈមនឹងគ្រោះទុរ្ភិក្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។
ទីភ្នាក់ងារកិច្ចការមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សសរុប ២៧៤លាននាក់ នៅទូទាំងពិភពលោក នឹងត្រូវការជំនួយសង្រ្គោះបន្ទាន់ក្នុងទម្រង់ផ្សេងៗ នៅឆ្នាំ២០២២ខាងមុខ។ តួលេខនេះគឺជាការកើនឡើង ១៧ភាគរយ ធៀបនឹងកំណត់ត្រា ដែលខ្ពស់ខ្លាំងរួចស្រេចទៅហើយ ក្នុងឆ្នាំ២០២១នេះ។
យោងតាមសំណើនៃបណ្តាទីភ្នាក់ងាររបស់ UN ព្រមទាំងអង្គការមនុស្សធម៌ដទៃទៀត ដើម្បីផ្តល់ជំនួយសម្រាប់ជនងាយរងគ្រោះប្រមាណ ១៨៣លាននាក់ នៅក្នុងប្រទេសចំនួន៦៣ សម្រាប់ឆ្នាំក្រោយ នឹងត្រូវការថវិកាសរុប ៤១ពាន់លានដុល្លារ។ ចំនួននេះកើនឡើងពី ៣៥ពាន់លានដុល្លារ ដែលត្រូវបានស្នើសម្រាប់ឆ្នាំ២០២១។
គួរបញ្ជាក់ថា របាយការណ៍ខាងលើរបស់ UN បង្ហាញឲ្យឃើញពី ទិដ្ឋភាពដ៏សោកសៅ នៃកំណើនតម្រូវការជំនួសមនុស្សធម៌ ដែលបង្កឡើងដោយជម្លោះ និងអស្ថិរភាពនៅតាមប្រទេសដូចជា អាហ្វហ្កានីស្ថាន អេត្យូពី និងមីយ៉ាន់ម៉ា ជាដើម។ រីឯបញ្ហាគ្រោះមហន្តរាយធម្មជាតិ និង ការប្រែប្រួលអាកាសធាតុ ព្រមទាំងវិបត្តិជំងឺរាតត្បាតសកល COVID-19 ក៏ជាកត្តាជំរុញតម្រូវការនេះផងដែរ៕