(ហុងកុង)៖ ប៉ូលិសហុងកុង បានចាប់ខ្លួនសកម្មជនចំនួន៦នាក់ នៅថ្ងៃពុធនេះ ក្រោមការសង្ស័យមានចេតនាបង្កការបះបោរ និងបំពានច្បាប់សន្តិសុខជាតិ ពាក់ព័ន្ធនឹងសកម្មភាពដែលអាជ្ញាធរចាត់ទុកថា ជាការបង្កចលាចលនៅក្នុងសវនាការ កាលពីខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
ប៉ូលិសហុងកុងបានប្រាប់ថា មនុស្ស៦នាក់នោះ មានអាយុចន្លោះ ៣២-៦៧ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ «បង្កភាពរញ៉េរញ៉ៃដោយចេតនា កំលុងសវនាការជាច្រើន ដែលពួកខ្លួនបានចូលរួម» ខណៈពួកគេកំពុងស្ថិតក្រោមការបន្តឃុំខ្លួន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន រួមមាន លោក លីវ តាំង (Leo Tang) អតីតអនុប្រធានសហព័ន្ធសហជីពពាណិជ្ជកម្មហុងកុង ហៅកាត់ HKCTU ដែលត្រូវបានរំសាយ និងអ្នកកាសែតក្រៅផ្លូវការ គឺលោក ស៊ីវ យុនឡុង (Siew Yun-long)។ អ្នកទាំង៦នាក់ ត្រូវបានចោទប្រកាន់ពីបទ «ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃប្រព័ន្ធយុត្តិធម៌ និងប្រតិបត្តិការរបស់តុលាការ» កំលុងវត្តមាននៅតាមសវនាការរបស់តុលាការទីក្រុងហុងកុង កាលពីចន្លោះខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២។
គួរបញ្ជាក់ថា HKCTU ធ្លាប់ជាសហជីពពាណិជ្ជកម្មឯករាជ្យធំជាងគេបង្អស់នៅហុងកុង ប៉ុន្តែស្ថិតក្នុងចំណោមក្រុម-ស្ថាប័នជាច្រើន ដែលត្រូវបានបង្ខំឱ្យរំសាយចោល បន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័ត ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងស្វយ័តមួយនេះ កាលពីឆ្នាំ២០២០។
ច្បាប់សន្តិសុខជាតិហុងកុងនេះ ដាក់ទោសបទឧក្រិដ្ឋពាក់ព័ន្ធនឹងសកម្មភាពចង់ធ្វើអបគមន៍, ប្រឆាំងរដ្ឋអំណាច, ភេរវកម្ម និងគប់គិតជាមួយកម្លាំងបរទេស ហើយអាចប្រឈមការជាប់ពន្ធនាគាររហូតដល់មួយជីវិត ខណៈវាត្រូវបានរដ្ឋាភិបាលប្រទេសលោកខាងលិច រិះគន់ថាជា ឧបករណ៍ដើម្បីដាក់គំនាបលើក្រុមអ្នកប្រឆាំង ហើយរឹតត្បិតសិទ្ធិសេរីភាព។ យ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់ទាំងនេះ និងលើកឡើងថា ច្បាប់សន្តិសុខជាតិបាននាំមកនូវ ស្ថិរភាពសម្រាប់ទីក្រុងហុងកុង បន្ទាប់ពីការផ្ទុះចលនាបាតុកម្មយ៉ាងកក្រើក កាលពីឆ្នាំ២០១៩៕