(ប៉េកាំង)៖ ប្រទេសចិនបានសម្តែងការជំទាស់យ៉ាងខ្លាំង ចំពោះការយល់ព្រមរបស់សហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងសព្វាវុធ ជាមួយកោះតៃវ៉ាន់ដែលមានតម្លៃ ៩៥លានដុល្លារ ហើយបានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានគូសបញ្ជាក់ថា «ការលក់សព្វាវុធ ទៅឲ្យកោះតៃវ៉ាន់ ពីសំណាក់សហរដ្ឋអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍរបស់ចិន និងធ្វើឲ្យខូចដល់ទំនាក់ទំនងរវាង ចិន-សហរដ្ឋអាមេរិក ថែមទាំបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។ លោក Lijian បានជម្រុញឲ្យសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និង គោលការណ៍បីចំណុចរវាង ចិន-អាមេរិក ហើយបញ្ឈប់ការលក់អាវុធ ឬ ផ្តល់ការគាំទ្រផ្នែកយោធា ដល់តៃវ៉ាន់តទៅទៀត។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិកបានអនុម័ត លើការលក់បរិក្ខារយោធាទំនើបៗ ទៅឲ្យកោះតៃវ៉ាន់ ក្រោមកិច្ចព្រមព្រៀងមួយមានទំហំ ទឹកប្រាក់៩៥លានដុល្លារ។ កញ្ចប់យោធានេះ រួមបញ្ចូល ការហ្វឹកហ្វឺន, រៀបចំផែនការ, ការដាក់ពង្រាយកម្លាំងធ្វើប្រតិបត្តិការ និងការថែទាំប្រព័ន្ធការពារដែនអាកាសរបស់កោះតៃវ៉ាន់ផងដែរ ខណៈដែលសហរដ្ឋអាមេរិក អះអាថាគឺដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរបស់ខ្លួន។