(កៀវ)៖ អាជ្ញាធរតំបន់ លូហាន់ក៍ (Luhansk) ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន នៅថ្ងៃពុធនេះបានជំរុញឱ្យជនស៊ីវិលជម្លៀសខ្លួនចេញ ទាន់ពេលកំពុងមានសុវត្ថិភាព ដោយព្រមានថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី អាចកាត់ផ្តាច់ផ្លូវរត់គេចខ្លួន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

អ៊ុយក្រែន បាននិយាយថា កងទ័ពរុស្ស៊ីដែលបានឈ្លានពានលើទឹកដីខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈ កំពុងប្រមូលផ្តុំកម្លាំងឡើងវិញ និងរៀបចំបង្កើន ការវាយប្រហារថ្មីមួយនៅក្នុងតំបន់ដុនបាស់ (Donbas) រួមទាំងតំបន់ Luhansk ផងដែរ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អៀរីណា វេរ៉េសឈុគ (Iryna Vereshchuk) បាននិយាយនៅក្នុងការអត្ថាធិប្បាយតាមអនឡាញថា អ៊ុយក្រែន មានបំណងបើកច្រករបៀងមនុស្សធម៌ចំនួន១១ នៅថ្ងៃពុធនេះ ដើម្បីជម្លៀសជនស៊ីវិល។ អភិបាលតំបន់ Luhansk លោក ស៊ែរហ៊ី ហ្កៃដៃ (Serhiy Gaidai) បានសរសេរសារនៅលើគណនីបណ្ដាញសង្គម Telegram ថា «យើងនឹងជម្លៀសមនុស្សគ្រប់គ្នាចេញ ប្រសិនបើរុស្ស៊ី អនុញ្ញាតឱ្យយើងទៅដល់កន្លែងជួបជុំ ព្រោះដូចដែលអ្នកឃើញហើយថា ពួកគេមិនដែលគោរពតាមបទឈប់បាញ់នោះទេ។ ដូច្នេះខ្ញុំសូម អំពាវនាវដល់ប្រជាជនទាំងអស់នៅក្នុងតំបន់ Luhansk, សូមជម្លៀសខ្លួនចេញខណៈពេលដែលវាមានសុវត្ថិភាព... ខណៈដែលមានឡានក្រុង និងរថភ្លើងឆ្លងកាត់ សូមចាប់យកឱកាសនេះ»។

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយថា ខ្លួនមិនកំណត់គោលដៅលើជនស៊ីវិលនៅក្នុង «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនដែលលោកខាងលិច ហៅថាជាការឈ្លានពាននោះទេ។ ប៉ុន្តែ ជំហររបស់វិមានក្រឹមឡាំង ត្រូវបានច្រានចោលដោយអ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិចថា ជាលេសសម្រាប់ការឈ្លានពានដែលមិនបង្កហេតុ៕