(ប៉េកាំង)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានជំរុញឱ្យមានការអត់ធ្មត់ទាក់ទងនឹង ការសម្លាប់ជនស៊ីវិលនៅ Bucha ដោយអះអាងថា ការចោទប្រកាន់គ្នាទៅវិញទៅមកររវាងទីក្រុងកៀវ និងមូស្គូ គួរតែផ្អែកលើ «ការពិតជាក់ស្តែង»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២។
លោកបាននិយាយថា «ចាំបាច់ត្រូវអនុវត្តការអត់ធ្មត់ រហូតដល់ការស៊ើបអង្កេតត្រូវបានធ្វើរួចរាល់ ដោយបន្ថែមថា ទីក្រុងប៉េកាំងកំពុងចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ីបានច្រានចោលការអះអាងរបស់ទីក្រុងកៀវជុំវិញការសម្លាប់ជនស៊ីវិលនៅទីក្រុង Bucha ដោយគូសបញ្ជាក់ថា ទាហានរុស្ស៊ីបានចាកចេញពីទីក្រុងនេះ តាំងពីថ្ងៃទី៣០ ខែមីនាមកម្លេះមិនមានពាក់ព័ន្ធនឹងបញ្ហានេះទេ៕