(ប៉ារីស)៖ រុស្ស៉ីត្រូវបានគេមើលឃើញថាហាក់ដូចជាបានបោះបង់ចោលគោលដៅដំបូងរបស់ខ្លួននៅក្នុងសង្រ្គាមអ៊ុយក្រែន នោះគឺវាយកាន់កាប់រដ្ឋធានីកៀវ និងផ្ដួលរំលំរដ្ឋាភិបាលលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ប៉ុន្តែដំណាលគ្នានឹងការសន្យាកាត់បន្ថយសកម្មភាពយោធាលើរដ្ឋធានីកៀវ កងទ័ពរុស្ស៊ីបានបង្វែរ ទិសដៅវាយប្រហារទៅកាន់តំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលនេះអាចជាការចាប់ផ្ដើមផែនការ «B»។
នៅក្រោមផែនការ «B» នេះ រុស្ស៉ីអាចនឹងមានគោលដៅជាច្រើន ហើយអាចនឹងអូសបន្លាយសង្រ្គាមសព្វថ្ងៃ។ ដូច្នេះថាតើអ្វីទៅជាផែនការ B របស់រុស្ស៉ី?
* ជ័យជម្នះជានិមិត្តរូប
បើតាមលោក អាឡិចហ្សាន់ឌឺ ហ្គ្រីនបឺគ (Alexander Grinberg) ខណៈកំពុងគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក, លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចង់ បានរបាយការណ៍មួយពីជ័យជម្នះរបស់រុស្ស៉ី នៅអ៊ុយក្រែនឱ្យបានមុនថ្ងៃទី៩ ខែឧសភា ដែលជាថ្ងៃរុស្ស៉ីប្រារព្ធទិវាជ័យជម្នះរបស់ខ្លួនលើកងទ័ពណាហ្ស៊ី អាល្លឺម៉ង់ក្នុងសម័យសង្រ្គាមលោកលើកទី២។ រុស្ស៊ីក្នុងនាមជាមហាអំណាចមិនអាចចាញ់បានឡើយ ដូច្នេះលោក ពូទីន ត្រូវការជប់ជ័យជម្នះជានិមិត្តរូប មួយឡើង ដើម្បីយកមកប្រាប់ប្រជាជន និងឥសរ្សជននយោបាយរុស្ស៊ី។
* វាយយកទីក្រុងម៉ារីយូប៉ូល (MARIUPOL)
មន្ត្រីយោធាអាមេរិកបានឱ្យដឹងថារុស្ស៉ីបានដកកងទ័ពរបស់ខ្លួន ២ភាគ៣ ចេញពីតំបន់ជុំវិញរដ្ឋធានីកៀវ និងតំបន់មួយចំនួនទៀតនៅឯភាគខាងជើងនៃ ប្រទេសអ៊ុយក្រែន។ ប៉ុន្តែ ព្រមពេលជាមួយគ្នា កងទ័ពរុស្ស៉ីបាន និងកំពុងបង្កើនការឡោមព័ទ្ធលើទីក្រុងម៉ារីយូប៉ូល (Mariupol) អស់រយៈពេលជាច្រើន សប្ដាហ៍មកហើយ។ ក្រុមអ្នកជំនាញយោធាជាច្រើនបាននិយាយថាការវាយកាន់កាប់ទីក្រុងម៉ារីយូប៉ូល នឹងក្លាយជាការបោះជំហានមួយដ៏សំខាន់សម្រាប់រុស្ស៉ី ក្នុងការគ្រប់គ្រងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនទាំងស្រុង ដូចដែលក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថាកងទ័ពរបស់ខ្លួនបានប្ដូរយុទ្ធសាស្ត្រ
ទៅរំដោះតំបន់ភាគកើតដែលមានតំបន់ផ្ដាច់ខ្លួន២ គាំទ្រដោយរុស្ស៊ី។ តែដើម្បីរំដោះតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុង រុស្ស៊ីត្រូវតែយកម៉ារីយូប៉ូឱ្យបាន
ជាមុនសិន ព្រោះថាយកបានទីក្រុងមួយនេះមានន័យថារុស្ស៊ីអាចតភ្ជាប់ច្រករបៀងរវាងគ្រីមៀ និងតំបន់ដុនបាស់។
* វាយយកទឹកដីអ៊ុយក្រែនបន្ថែម
តំបន់ផ្ដាច់ខ្លួន២ នៅភាគខាងកើតអ៊ុយក្រែន គឺដូញ៉េត (Donetsk) និងលូហាន់ (Luhansk) ដែលត្រូវបានលោក ពូទីនទទួលស្គាល់ជារដ្ឋឯករាជ្យ មិនទាន់ អាចគ្រប់គ្រងតំបន់ភាគខាងកើត បានទាំងស្រុងនៅឡើយទេ។ វិមានក្រឹមឡាំង បានអះអាងជារឿយៗថាតំបន់ផ្ដាច់ខ្លួនទាំង២នេះគួរតែមានសិទ្ធិអំណាច រដ្ឋបាលពេញលេញ និងគ្រប់គ្រងទឹកដីតំបន់ភាគខាងកើត។ តួយ៉ាងសូម្បីតែ ក្រសួងការពារជាតិរុស្ស៉ីក៏បានប្រកាសដែរថាកងទ័ពរបស់ខ្លួនបានប្ដូរយុទ្ធសាស្ត្រ ដោយងាកទៅផ្ដោតលើការរំដោះតំបន់ភាគខាងកើតអ៊ុយក្រែនឱ្យបានទាំងស្រុង។
* កេងចំណេញពេលវេលា
ក្រុមអ្នកវិភាគយោធាបានកត់សម្គាល់ថាការជ្រើសរើសកងទ័ពថ្មីប្រចាំឆ្នាំរបស់រុស្ស៊ី បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី១ ខែមេសាកន្លងទៅនេះ ហើយខណៈ មូស្គូ អះអាងថានឹងមិនបញ្ជូនកងទ័ពដែលខ្លួនបានកែនបន្ថែមទៅកាន់អ៊ុយក្រែនក៏ដោយ ក៏កងទ័ពថ្មីអាចនឹងចូលសមរភូមិសង្រ្គាម នៅពេលពួកគេ ចុះកុងត្រា និងត្រូវបានបណ្ដុះបណ្ដាល។ ប៉ុន្តែ ការកេងចំណេញពេលវេលាដើម្បីកែនទ័ពថ្មី ឬការអូសបន្លាយសង្រ្គាមកាន់តែយូរ ក៏អាចបង្កការខាតបង់ធំដល់រុស្ស៊ីដែល កំពុងជាប់ទណ្ឌកម្មលោកខាងលិចផងដែរ។
* បំបែកបាក់លោកខាងលិច
ការអូសបន្លាយសង្រ្គាមកាន់តែយូរ វាអាចបង្កការខាតបង់ធំដល់រុស្ស៊ី។ តែនៅម្ខាងរុស្ស៊ីក៏អាចប្រើវាដើម្បីបំបែកបំបាក់សម្ព័ន្ធមិត្តលោកខាងលិចផងដែររវាង ប្រទេសដែលចង់ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើមូស្គូ និងប្រទេសដែលមានជំហរទន់ខ្សោយ ឬចង់ផ្សះផ្សាជាមួយរុស្ស៊ី។ ចូរកុំភ្លេចថាលោក ពូទីនកាលពីថ្ងៃចន្ទ ទី៤ ខែមេសានេះ បានផ្ញើសារអបអរសាទរភ្លាមៗទៅកាន់នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិចទ័រ អ័របាន (Viktor Orban) ដែលជាមិត្តដ៏ជិតសិ្នទ្ធបំផុតមួយរបស់ លោកនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីគណបក្សរបស់លោក អ័របាន ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកល ដែលនឹងអនុញ្ញាតឱ្យលោកកាន់អំណាច ៤ អាណត្តិជាប់គ្នានៅហុងគ្រី។
មួយវិញទៀត សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញរួចទៅហើយថា ប្រទេសអឺរ៉ុប និងអាមេរិកនៅតែមានការខ្វែងគំនិតគ្នាក្នុងការចាត់វិធានការតឹងរ៉ឹងប្រឆាំង រុស្ស៊ី។ នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយថាលោក ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀតបាន, ហៅលោក ពូទីនថាជាឃាតក និងឧក្រិដ្ឋជនសង្រ្គាម, លោកប្រធានាធិបតីបារាំង ម៉ាក្រុង បែរជាប្រាប់លោក បៃដិនឱ្យប្រយ័ត្នសម្ដី ដោយអះអាងថាវេហារស័ព្ទបែបនេះមិនអាចជួយអ្វី បានឡើយ។
លើសពីនេះទៅទៀត, ទោះបីជាបានជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមប្រឆាំងលើវិស័យប្រេង និងធ្យូងថ្មរបស់រុស្ស៊ី ប៉ុន្តែលោក ម៉ាក្រុងផ្ទាល់មិនបាន លើកឡើងពីបញ្ហាឧស្ម័ន ដែលអឺរ៉ុបនៅតែត្រូវការទិញពីរុស្ស៊ីនោះទេ៕
ប្រភព៖ AFP (ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២២)