(យូអិន)៖ រុស្ស៊ី បានព្រមានបណ្ដាប្រទេសទាំងឡាយ នៅឯអង្គការសហប្រជាជាតិថាការបោះឆ្នោត «Yes» ឬអនុបវាទលើសំណើរបស់ សហរដ្ឋអាមេរិក ដើម្បីបញ្ឈរជើងរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងត្រូវបានចាត់ទុកជា «កាយវិការអមិត្ត» ដែលនឹងបង្កផលវិបាកដល់ទំនាក់ទំនង ទ្វេភាគីជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើកំណត់ហេតុមួយច្បាប់ដែលខ្លួនបានឃើញ ខណៈបណ្ដាប្រទេសជា សមាជិកអង្គការសហប្រជាជាតិ (UN) ទាំង១៩៣ប្រទេស នឹងធ្វើការបោះឆ្នោតសម្រេចមួយនៅឯមហាសន្និបាត UN នៅថ្ងៃព្រហស្បតិ៍នេះ សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) លើសំណើរបស់សហរដ្ឋអាមេរិកដែលចង់បញ្ឈរជើងរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ដើម្បីអាចបញ្ឈរជើងរុស្ស៊ីពី ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានរដ្ឋជាសមាជិកចំនួន ៤៧ មានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ គេត្រូវការសំឡេងភាគច្រើន ២ភាគ៣នៃសមាជិក UN ទាំងអស់ ដោយមិនរាប់សន្លឹកឆ្នោតអនុបវាទ។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ថាតើមានប្រទេសប៉ុន្មាន ដែលទទួលបានកំណត់ហេតុពីរុស្ស៊ី នោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានស្នើឱ្យបញ្ឈរជើងរុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្ទាប់ពីលោកខាងលិច និងអ៊ុយក្រែនចោទប្រកាន់កងទ័ពរុស្ស៊ីថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយសម្លាប់ជនស៊ីវិលអ៊ុយក្រែនជាច្រើនរយនាក់ នៅតាមទីក្រុងជាច្រើន ជាពិសេសគឺក្នុងទីក្រុងប៊ូចាតែម្ដង៕