(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយ ឯករាជ្យ និងតម្លាភាព លើការសម្លាប់អ្នកកាសែត Al Jazeera គឺលោកស្រី ស៊ីរីន អាប៊ូ អាកឡេហ៍ (Shireen Abu Akleh)។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។
លោកស្រី អាប៊ូ អាកឡេហ៍ អាយុ៥១ឆ្នាំ ជាជនជាតិប៉ាឡេស្ទីន-អាមេរិកាំង និងជាគ្រិស្តសាសនិកម្នាក់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធ ខណៈ កំពុងរាយការណ៍អំពីប្រតិបត្តិការវាយឆ្មក់របស់កងកម្លាំងអ៊ីស្រាអែល នៅឯតំបន់ West Bank។ អ្នកផលិតព័ត៌មាន Al Jazeera ម្នាក់ទៀត ក៏បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះដែរ។
បើតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះ លោក ហ្គូតឺរ៉េស បានថ្កោលទោសរាល់ការវាយប្រហារ និងការសម្លាប់អ្នកកាសែត ដោយលើកឡើងថា អ្នកកាសែតមិនគួរក្លាយជាគោលដៅ នៃអំពើហិង្សាឡើយ។ ដោយឡែក សហភាពអឺរ៉ុប (EU) ក៏បានជំរុញឱ្យមាន ការស៊ើបអង្កេតឯករាជ្យលើការស្លាប់របស់លោកស្រី ស្របពេលអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថមម៉ាស់ ហ្រ្គីនហ្វៀ (Linda Thomas-Greenfield) អំពាវនាវឱ្យមានដំណើការស៊ើបអង្កេតប្រកបដោយតម្លាភាព ផងដែរ៕