(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនមិនចង់មានជម្លោះដោយផ្ទាល់ជាមួយអង្គការណាតូ (NATO) នោះទេ ដោយសារតែលោកដឹងច្បាស់ថា ខ្លួននឹងចាញ់ ប្រសិនបើធ្វើសង្រ្គាមជាមួយ NATO។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។
ការអត្ថាធិប្បាយរបស់លោក អូស្ទីន បែបនេះធ្វើឡើងនៅចំពោះមុខអនុគណៈកម្មការការពារជាតិនៃសភាអាមេរិក ដើម្បីផ្តល់សក្ខីកម្មស្ដីពីសំណើ កញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៣របស់លោក ចូ បៃដិន។ នៅពេលដែលលោកត្រូវបានចោទសួរអំពីសេណារីយ៉ូ ដែលលោក ពូទីន អាចនឹង បើកការវាយប្រហារលើប្រទេសប៉ូឡូញ, NATO, ឬប្រទេសសមាជិកផ្សេងទៀត, លោក អូស្ទីន បានបញ្ជាក់ដូច្នេះថា «ប្រសិនបើរុស្ស៉ីសម្រេចចិត្ត វាយប្រហារប្រទេសណាមួយដែលជាសមាជិក NATO, នោះអាចជាស្ថានការណ៍នឹងប្រែប្រួល ហើយតាមទស្សនៈរបស់ខ្ញុំ បើយើងសង្កេតមើល ទស្សនៈវិស័យរបស់លោក ពូទីនក្នុងបច្ចុប្បន្ន ប្រាកដណាស់ថា រុស្ស៊ីមិនចង់បង្កបញ្ហាជាមួយ NATO នោះទេ»។
គួរបញ្ជាក់ថា បើតាមលោក អូស្ទីន បក្សយោធាសម្ព័ន្ធ NATO មានកងទ័ពសរុបចំនួន ១.៩លាននាក់ និងមានអាវុធទំនើបៗ ដូច្នេះវាអាចជា ហេតុផលមួយដែលលោកពូទីន ព្យាយាមមិនចង់ប្រែក្លាយជម្លោះនៅអ៊ុយក្រែន ទៅជាជម្លោះដោយផ្ទាល់រវាង NATO និងរុស្ស៉ី៕