(ប៉េកាំង)៖ មិនថាប្រទេសរីកលូតលាស់ឬប្រទេសអន់ថយនោះទេ ស្បៀងអាហារជាបង្អែកសម្រាប់ទ្រទ្រង់ចិញ្ចឹមជីវិត របស់ប្រជាជនទូទាំងប្រទេស ហេតុនេះហើយយើងឃើញថា ទោះជាប្រទេសមហាអំណាចដែលមានការរីកចម្រើនដល់កម្រិតណាក្តី ក៏មិនអាចបោះបង់ចោលវិស័យកសិកម្មនោះទេ។ ជាក់ស្តែងនៅប្រទេសលោកខាងលិចដែលមានភាពជឿនលឿនខាងបច្ចេកវិទ្យា ឧស្សាហកម្មនិងផលិតកម្ម ក៏មិនបានបោះបង់ចោលវិស័យកសិកម្មឡើយ។ ក្នុងន័យនេះ ការអភិវឌ្ឍជនបទដើម្បីលើកកម្ពស់ ជីវភាពរបស់កសិករជាផែនការជាតិ ដែលមិនអាចខ្វះបានរបស់បណ្តាប្រទេសនានា។
ប្រទេសចិនជាអរិយប្រទេសដ៏ចំណាស់មួយដែលមានប្រវត្តិសាស្ត្រជាង ៥ពាន់ឆ្នាំ។ ជាច្រើនពាន់ឆ្នាំមកនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់ៗ ដើម្បីសម្រេចទិសដៅនិងគោលបំណង ដែលធ្វើឱ្យប្រជាជនទូទាំងប្រទេស ហូបបានឆ្អែតនិងស្លៀកពាក់បានគ្រប់គ្រាន់។ អាស្រ័យហេតុនេះ ចាប់តាំងពីប្រទេសចិនថ្មីត្រូវបានបង្កើតឡើងមក ថ្នាក់ដឹកនាំគ្រប់ជំនាន់បានផ្តោតសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម ជនបទ និងកសិករ ព្រោះវាពាក់ព័ន្ធនឹង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្ថិរភាពសង្គម ភាពសម្បូរសប្បាយរបស់ប្រទេសជាតិ និងការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិចិន។
ចិនជាប្រទេសធំខាងវិស័យកសិកម្ម បន្ទាប់ពីសម្រេចគោលដៅលុបបំបាត់ ភាពអត់ឃ្លានរបស់ប្រជាជន តាមរយៈការបង្កើនទិន្នផលស្បៀង ប្រទេសចិនបាននិងកំពុងខិតខំដើរឆ្ពោះទៅរក ប្រទេសខ្លាំងខាងវិស័យកសិកម្ម ដោយមិនត្រឹមតែធ្វើសម្រាប់តែចិញ្ចឹមក្រពះរបស់ប្រជាជន ១.៤០០លាននាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីផ្តត់ផ្តង់ស្បៀងដល់បណ្តាប្រទេស ដែលខ្វះខាតផងដែរ ដើម្បីឆ្ពោះទៅរកវិបុលភាពរួមស្របតាមគំនិតផ្តួចផ្តើម «អភិវឌ្ឍន៍សកល» របស់ប្រធានរដ្ឋចិន។
ក្នុងនោះ ស្រូវហាយប៊្រីត (ប្រភេទស្រូវបង្កាត់ដែលហុចផលខ្ពស់) ជាផលិតផលសាធារណៈដែលជាចំណងដៃ របស់ប្រទេសចិនផ្តល់ជូនពិភពលោក ពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ភាពជោគជ័យនៃការដាំស្រូវហាយប៊្រីត មិនត្រឹមតែដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណឹងល្អសម្រាប់ប្រទេស ដែលមានភាពទន់ខ្សោយខាងបច្ចេកទេសកសិកម្មផងដែរ។ បច្ចេកទេសដាំស្រូវហាយប៊្រីតដែលមានភាពចាស់ទុំ បានរួមចំណែកដល់ការលើកកម្ពស់គុណភាព នៃវិស័យកសិកម្មរបស់ប្រទេសជាច្រើន ពិសេសតំបន់អាហ្វ្រិកនិងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះប្រទេសកម្ពុជា ក៏បាននាំចូលបច្ចេកទេសដាំស្រូវហាយប៊្រីតផងដែរ។
ឆ្នាំ២០២០ អាចនិយាយបានថាជាពេលវេលាដែលប្រទេសចិន ត្រូវប្រឈមនឹងការសាកល្បងដ៏ធំបំផុត ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ព្រោះជាឆ្នាំចុងក្រោយដែលបក្សនិងរដ្ឋាភិបាលចិន បានសន្យាចំពោះប្រជាជនចិនថានឹងលុបបំបាត់ ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ ពោលគឺក្នុងខណៈពេលប្រយុទ្ធតតាំងនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ត្រូវខិតខំសម្រេចទិសដៅលុបបំបាត់ ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ តាមផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៣ របស់ខ្លួនផងដែរ។
នៅក្នុងឆ្នាំ ២០២១ ប្រទេសចិនបានប្រកាសចំពោះពិភពលោកទាំងមូលថា ប្រជាជនដែលស្ថិតក្រោមខ្សែបន្ទាត់ក្រីក្រ បានចេញផុតពីភាពក្រីក្រទាំងអស់ ដែលជាមហាព្រឹត្តិការណ៍ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក។ យ៉ាងណាមិញ គម្លាតរវាងអ្នកមាន និងអ្នកក្រក្នុងសង្គមចិននៅតែធំដដែល ប្រជាជនរស់នៅភាគខាងលិចប្រទេស ដែលសម្បូរទៅដោយតំបន់ខ្ពស់រាបដែលមាន ការអភិវឌ្ឍយឺតជាងតំបន់ភាគខាងកើតប្រទេស ដែលជាតំបន់វាលទំនាបនិងជាប់សមុទ្រ មិនទាន់មានជីវភាពសម្បូរសប្បាយទាំងអស់គ្នានោះទេ។
អាស្រ័យហេតុនេះ ការងារកាត់បន្ថយភាពក្រីក្រមិនអាចផ្អាកដោយសារតែប្រជាពលរដ្ឋទើបចេញផុតពីភាពក្រីក្រនោះឡើយ ក្នុងន័យនេះ ចំណោទនៅចំពោះមុខរបស់រដ្ឋាភិបាលចិនដែលត្រូវដោះស្រាយគឺ បន្ទាប់ពីចេញផុតពីភាពក្រីក្រ តើធ្វើយ៉ាងណាទើបអាចបង្ការ កុំឱ្យពលរដ្ឋក្រីក្រពីដើមធ្លាក់ខ្លួនក្នុងភាពក្រីក្រវិញ ហើយមានជីវភាពកាន់តែប្រសើរឡើង?
ថ្លែងក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ នាឆ្នាំ២០១៧ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងពីយុទ្ធសាស្ត្រស្តារនិងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ចេញទិសដៅ សម្រាប់ការចាត់ចែងការងារ ដើម្បីជំរុញកិច្ចការស្តារនិងអភិវឌ្ឍន៍ជនបទ ពិសេសគឺការងារបម្រើដល់វិស័យកសិកម្ម ជនបទ និងកសិករ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចការស្តារនិងអភិវឌ្ឍន៍ជនបទបានអនុវត្តយ៉ាងផុលផុស ស្ទើរតែគ្រប់ភូមិស្រុកទាំងអស់នៅទូទាំងប្រទេស សុទ្ធតែបានផ្លាស់ប្តូរមុខមាត់ថ្មី ហើយត្រូវបានគ្របដណ្តប់ដោយបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងបណ្តាញអ៊ីនធើណេត។ ក្រៅពីការបញ្ជាទិញ កសិផលរបស់ប្រជាកសិករនៅតំបន់ដាច់ស្រយាល ក៏បានលក់ទៅគ្រប់ទីតំបន់ទូទាំងប្រទេសតាមអនឡាញដោយមានការដឹកជញ្ជូនរហ័ស។
អនុលោមតាមទស្សនៈ «ភ្នំបៃតងទឹកថ្លាគឺជាភ្នំមាសភ្នំបា្រក់» របស់លោក ស៊ី ជីនភីង ការអភិរក្សធនធានធម្មជាតិ ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលមិនត្រឹមតែធ្វើឱ្យធម្មជាតិ កាន់តែស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែវិស័យអេកូ-ទេសចរណ៍ក៏ជាប្រភពសំខាន់ នៃប្រាក់ចំណូលរបស់អ្នកជនបទផងដែរ។
«ការរំពឹងទុករបស់ប្រជាជនចំពោះ ជីវភាពដ៏ល្អបវរគឺជាគោលដៅខិតខំតស៊ូរបស់យើង» នេះជាការលើកឡើងរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន។ ជាក់ស្តែង ក្រោមការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់បក្សនិងរដ្ឋាភិបាលចិន ជីវភាពរស់នៅរបស់ប្រជាជនចិន ពិសេសគឺប្រជាកសិករមានភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ យុទ្ធសាស្ត្រនិងគោលនយោបាយជាតិ ដែលបានដាក់ចេញជាបន្តបន្ទាប់ ក៏បានដើរតួនាទីក្នុងការពង្រឹងសមិទ្ធផល នៃការងារកាត់បន្ថយភាពក្រីក្រ មួយផ្នែកគឺជួយប្រជាជន ដែលមានជីវភាពមិនសូវធូរធារកុំឱ្យធ្លាក់ខ្លួនទីទាល់ក្រទៀត មួយផ្នែកទៀតជំរុញឱ្យតំបន់ជនបទ មានការអភិវឌ្ឍដូចទីក្រុងទំនើបទាន់សម័យ «សុបិនចិន» ស្តីពីការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ក៏មុខជានឹងសម្រេចបានជាមិនខាន៕
អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន