(ប៉េកាំង)៖ ដោយខុសប្លែកពីប្រទេសជាច្រើន ដែលផ្ដោតការអភិវឌ្ឍតែទៅលើការវិនិយោគ នៅក្នុងទីក្រុងធំៗនិងតំបន់ទីក្រុង ប្រទេសចិនបានផ្ដោតការយកចិត្តទុកដាក់ជាចម្បង ចំពោះតំបន់ជនបទ។ រហូតមកដល់ពេលនេះ ប្រទេសចិនសម្រេចបាននូវ សមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ជនបទ ដូចជាការលុបបំបាត់ភាពក្រីក្រ និងកំណើនដ៏គួរឲ្យកត់សម្គាល់នូវ ផលិតភាពកសិកម្មនិងផលិតផលកសិកម្ម។
ប្រទេសចិន បានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេ ដែលអាចសម្រេចបាននូវគោលដៅទីមួយ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ ដោយបានរំដោះប្រជាជនចិនជិត៨០០លាននាក់ ចេញពីភាពក្រីក្រ ដែលចំនួននេះស្មើនឹង៣ភាគ៤ នៃប្រជាជនដែលត្រូវបានរំដោះចេញពី ភាពក្រីក្រនៅទូទាំងពិភពលោក។
ទោះបីជាសម្រេចបាននូវសមិទ្ធផលធំៗបែបនេះក៏ដោយ រដ្ឋាភិបាលចិននៅតែបន្តផ្ដោតការយកចិត្តទុកដាក់ចំពោះតំបន់ជនបទ ដោយថ្នាក់ដឹកនាំចិនយល់ឃើញថា ការលុបបំបាត់ភាពក្រីក្រ មិនមែនជាគោលដៅចុងក្រោយនោះឡើយ វាគ្រាន់តែជាចំណុចចាប់ផ្ដើមថ្មីមួយនៃគោលដៅ ប្រែក្លាយតំបន់ជនបទឲ្យមានជីវិតរស់រវើកឡើងវិញ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រទេសចិនបានចាត់ទុកការប្រែក្លាយ តំបន់ជនបទឲ្យមានជីវិតរស់រវើកឡើងវិញ ដោយផ្ដោតទៅលើការធ្វើទំនើបកម្មវិស័យកសិកម្មនិងតំបន់ជនបទ ជាស្នូលនៃរបៀបវារៈគោលនយោបាយរបស់ខ្លួន ពីព្រោះការប្រែក្លាយតំបន់ជនបទឲ្យមានជីវិតរស់រវើក គឺជាគន្លឹះដែលនាំទៅរកភាពរុងរឿងរបស់ប្រទេសចិន និងប្រជាជនចិនទាំងអស់។ ការប្រែក្លាយតំបន់ជនបទឲ្យមានជីវិតរស់រវើកឡើងវិញ មិនអាចសម្រេចជោគជ័យ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃនោះឡើយ ក៏ប៉ុន្តែយើងសង្កេតឃើញថា ប្រទេសចិនកំពុងបោះជំហានជាសន្សឹមៗ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ ប្រកបដោយមហិច្ឆតាមួយនេះ។
ប្រទេសកំពុងអភិវឌ្ឍន៍នានា អាចសិក្សាស្វែងយល់និងរៀនសូត្រពី បទពិសោធជោគជ័យនៃការអភិវឌ្ឍ តំបន់ជនបទរបស់ប្រទេសចិន។ នៅក្នុងចំណោមកត្តាជាច្រើន មានកត្តាធំៗមួយចំនួនដែលរួមចំណែកយ៉ាងសំខាន់ ដល់ជោគជ័យរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍតំបន់ជនបទ។ បន្ថែមទៅលើកម្លាំងដ៏ខ្លាំងក្លារបស់ប្រជាជាតិចិន ឆន្ទៈនយោបាយមោះមុត និងការដឹកនាំដ៏ឆ្លាតវៃនិងម៉ឺងម៉ាត់ របស់រដ្ឋាភិបាលចិន គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន ដែលនាំឲ្យសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោទាំងអស់នេះ។
ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ចាត់ទុកការអភិវឌ្ឍតំបន់ជនបទ ជាអាទិភាពចម្បង និងប្រមូលផ្ដុំកម្លាំង និងធនធានទាំងអស់មកពីគ្រប់មជ្ឈដ្ឋាន ដើម្បីផ្ដោតទៅលើការអភិវឌ្ឍតំបន់ជនបទ និងធ្វើឲ្យតំបន់ជនបទមានជីវិតរស់រវើកឡើងវិញ។ ក្រៅពីដាក់ចេញនូវផែនការចក្ខុវិស័យច្បាស់លាស់ និង ទិសដៅយុទ្ធសាស្រ្តត្រឹមត្រូវដើម្បីប្រែក្លាយ តំបន់ជនបទឲ្យមានជីវិតរស់រវើកឡើងវិញ ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ធ្វើការតាមដានត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាប់ជាប្រចាំ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងនិងកម្មវិធីនានា ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលមជ្ឈិម ដែលត្រូវបានដាក់ជូនឲ្យរដ្ឋាភិបាលមូលដ្ឋានអនុវត្ត។
រហូតមកដល់ពេលនេះរដ្ឋាភិបាលចិនគ្រប់ជាន់ថ្នាក់ បានបញ្ជូនមន្ត្រីរដ្ឋការរាប់សែននាក់ទៅកាន់ភូមិក្រីក្រនានា ដើម្បីជួយគាំទ្ររដ្ឋាភិបាលមូលដ្ឋាន ក្នុងការអនុវត្តវិធានការអភវិឌ្ឍតំបន់ជនបទ និងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ។ ជាងនេះទៅទៀត ដូចយើងធ្លាប់បានឃើញនាពេលកន្លងមក លោក Xi Jinping ប្រធានរដ្ឋចិន តែងតែធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ភូមិដាច់ស្រយាលនានា និងជួបជាមួយបុគ្គលិកជួរមុខ ដើម្បីត្រួតពិនិត្យតាមដានដំណើរការអនុវត្ត និងវឌ្ឍនភាពនៃការអភិវឌ្ឍនិងទំនើបកម្មតំបន់ជនបទ។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលមជ្ឈិម មានការត្រៀមរៀបចំយ៉ាងល្អ ក្នុងការផ្ដល់ជំនួយគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យការអនុវត្តមានប្រសិទ្ធភាព។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលមជ្ឈិម បានផ្ដល់នូវទឹកប្រាក់គាំទ្ររាប់ប៊ីលានដុល្លារ ដើម្បីជួយគាំទ្រដល់ការអនុវត្តវិធានការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍតំបន់ជនបទ។
ជាងនេះទៅទៀត ដោយរដ្ឋាភិបាលចិនដឹងយ៉ាងច្បាស់ថា អនាគតនៃវិស័យកសិកម្មនិងតំបន់ជនបទរបស់ប្រទេសចិន ពឹងផ្អែកទៅលើបច្ចេកវិទ្យាទំនើប រដ្ឋាភិបាលចិន បានផ្ដោតការយកចិត្តទុកដាក់ទៅលើ ការបង្កើនការប្រើប្រាស់បចេ្ចកវិទ្យាកសិកម្មទំនើប និងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅតំបន់ជនបទ ដោយរដ្ឋាភិបាលបានធ្វើការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មទំនើប ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅតំបន់ជនបទ និងផ្ដល់ជំនួយគាំទ្រហិរញ្ញវត្ថុនិងការបណ្ដុះបណ្ដាល កសាងសមត្ថភាពដល់ប្រជាជនមូលដ្ឋាន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
ការជំរុញនិងការគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មជឿនលឿន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងជាពិសេសការប្រើប្រាស់វេទិកាពាណិជ្ជកម្មអនឡាញ ដោយភ្ជាប់ទំនាក់ទំនងរវាងកសិករជាមួយទីផ្សារដោយផ្ទាល់ បានដើរតួយ៉ាងសំខាន់ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាកសិករ និងធានាថាប្រជាកសិករគ្រប់រូបទទួលបាន ផលប្រយោជន៍ដោយផ្ទាល់ពី ការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់ប្រទេស៕