(វ៉ាស៊ីនតោន)៖ មេដឹកនាំចារកម្មអាមេរិក កាលពីសប្ដាហ៍មុន បានប្រាប់សភាជាតិរបស់ខ្លួនថាសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានចូលដល់ដំណាក់កាល «គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់» ហើយប្រយោគបែបនេះធ្លាប់ត្រូវបានគេស្ដាប់ឮលើកចុងក្រោយបំផុត នៅពេលដែលក្រុមមន្ត្រីអាមេរិកប្រើវាដើម្បីពិពណ៌នាពី សង្រ្គាមនៅអាហ្វហ្កានីស្ថាន។ សហរដ្ឋអាមេរិកមិនបានឈ្នះនៅក្នុងសង្រ្គាមអាហ្វហ្កានីស្ថានទេ រីឯអ៊ុយក្រែនក៏ប្រហែលជានឹងមិនអាចឈ្នះលើរុស្ស៉ីក្នុងសង្រ្គាម សព្វថ្ងៃដូចគ្នាដែរ។
ជាការពិតណាស់, ដោយមានការគាំទ្រទាំងហិរញ្ញវត្ថុ និងអាវុធ, ទាហានអ៊ុយក្រែនមានសមត្ថភាពការពារខ្លួនទប់ទល់នឹងការឈ្លានពាន ដោយបង្ខំឱ្យទាហានរុស្ស៉ី ដកថយចេញពីតំបន់រដ្ឋធានីកៀវ និងទីក្រុងខាកៀវ (Kharkiv) ហើយបច្ចុប្បន្ន សូម្បីតែការវាយប្រហាររបស់ទាហានរុស្ស៉ីក្នុងតំបន់ដុនបាស់មានភាពរីកចម្រើន ទៅមុខតិចតួចផងដែរ ប្រឈមមុខនឹងការវាយទប់ទល់យ៉ាងខ្លាំងពីទាហានអ៊ុយក្រែន។ ក៏ប៉ុន្តែ រុស្ស៉ីនៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកងទ័ពបន្ថែម ប្រសិនបើលោក ពូទីនចង់បាន។
មេដឹកនាំលោកខាងលិចជាច្រើនសុទ្ធតែជឿជាក់ថាអ៊ុយក្រែន អាចនឹងយកឈ្នះរុស្ស៉ី តែនៅពីក្រោយការជឿជាក់នេះ ពួកគេនៅតែមានការស្ទាក់ស្ទើរ ដោយ មិនហ៊ានឆ្លងកាត់ «បន្ទាត់ក្រហម» ឬធ្វើឱ្យលោក ពូទីន អាម៉ាស់មុខខ្លាំងនោះទេ ដោយសារតែខ្លាចថាវាអាចនឹងបង្ខំឱ្យបុរសខ្លាំងរូបនេះបង្កសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។ ជាក់ស្ដែង បើគេនៅចាំមិនភ្លេចទេ, លោក ហ្សេលេនស្គី បានទទូចម្ដងហើយម្ដងទៀតឱ្យសហរដ្ឋអាមេរិក និង NATO បង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីរារាំងការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពរុស្ស៉ី។ ប៉ុន្តែ លោក ចូ បៃដិន និង NATO ក៏បានបដិសេធ ម្ដងហើយម្ដងទៀតផងដែរ ដោយសំអាងថាវាអាចនឹងនាំឱ្យមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី ហើយដែលជម្លោះបែបនេះចៀសមិនរួចឡើយពីការផ្ទុះទៅជា សង្រ្គាមលោក។
ទាហានអ៊ុយក្រែនកំពុងប្រយុទ្ធតស៊ូដើម្បីជ័យជម្នះ។ តែអាវុធដែលលោកខាងលិចកំពុងផ្ដល់ឱ្យពួកគេ គឺគ្រប់គ្រាន់សម្រាប់តែការការពារខ្លួនតែប៉ុណ្ណោះ ដូច្នេះ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចង់ឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះពិតប្រាកដ ច្បាស់ណាស់ពួកគេត្រូវតែបញ្ជូនអាវុធបន្ថែមឱ្យអ៊ុយក្រែន មិនមែន ត្រឹមតែអាចការពារខ្លួននោះទេ ប៉ុន្តែក៏អាចវាយបណ្ដេញកងទ័ពរុស្ស៉ីបានដែរ។ បើពុំដូច្នោះទេ មើលទៅអ៊ុយក្រែនប្រហែលជាត្រូវបានលះបង់តំបន់ដុនបាស់ ឱ្យរុស្ស៉ីក៏ថាបាន។
នៅឯសុន្ទរកថាមួយនាឱកាសបំពេញដំណើរទស្សនក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លលែស (Ben Wallace) បានសន្យាថាអង់គ្លេស និងសម្ព័ន្ធមិត្តត្រូវតែធ្វើឱ្យរុស្ស៉ីបរាជ័យនៅអ៊ុយក្រែន។ លោក Wallace បានលើកឡើងដូច្នេះថា «ជាការពិត, សង្រ្គាមគ្មានន័យ មួយនេះមិនគួរនឹងកើតឡើងនោះទេ ប៉ុន្តែយើងក៏មិនអាចឈរនៅស្ងៀមដោយមិនផ្ដល់មធ្យោបាយឱ្យអ៊ុយក្រែនការពារខ្លួនឯងបាននោះដែរ...ហើយប្រាកដណាស់ យើងត្រូវតែធានាឱ្យបានថារុស្ស៉ីត្រូវតែបរាជ័យនៅអ៊ុយក្រែន»។
តែយ៉ាងណាក៏ដោយ រំលងបានមួយថ្ងៃ, អ្វីដែលលោក Ben Wallace បានប្រាប់ក្រុមអ្នកសារព័ត៌មាន បានបង្ហាញថាគោលបំណងរបស់លោកខាងលិច មានព្រំដែនកំណត់ មិនដូចជាអ្វីដែលលោកផ្ទាល់បានលើកឡើងនោះទេ។ «អ្វីដែលសំខាន់ គឺពួកយើងកំពុងជួយឱ្យអ៊ុយក្រែនអាចធ្វើការចរចាដោយមាន គោលជំហររឹងមាំ មិនមែនទន់ខ្សោយឡើយ ហើយខ្ញុំគិតថានេះគឺជារឿងសំខាន់បំផុត តែអ្វីដែលត្រូវធ្វើ គឺអាស្រ័យលើអ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់ លោក Ben Wallace។
មកទល់នឹងពេលនេះ គ្មាននរណាម្នាក់ផ្ដល់អាវុធអាចជួយឱ្យអ៊ុយក្រែនយកជ័យជម្នះពិតបា្រកដនោះទេ ហើយក៏គ្មាននរណាម្នាក់ហ៊ានធ្វើ ឬពេញចិត្តនឹងគំនិតនេះ ដែរ ពីព្រោះថាវាមានជាប់ពាក់ព័ន្ធនឹងប្រយោជន៍ជាតិផ្ទាល់ខ្លួនរបស់ពួកគេរៀងៗខ្លួន។ តួយ៉ាង ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានព្រមានជារឿយថាគេមិន គួរធ្វើឱ្យលោក ពូទីន អាម៉ាស់មុខងើបមុខមិនរួចនោះឡើយ ដ្បិតអាចនឹងប៉ះពាល់ដល់កិច្ចចរចាស្វែងរកសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន ហើយក៏អាចធ្វើឱ្យជម្លោះ ផ្ទុះឡើងកាន់តែធំ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបានបញ្ជូនអាវុធទំនើបៗបន្ថែមឱ្យអ៊ុយក្រែន បើទោះជាមូស្គូព្រមានថាការធ្វើបែបនេះអាចនឹងនាំទៅរកជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ីក៏ដោយ។
មែនទែនទៅ, ខណៈមេដឹកនាំលោកខាងលិចត្រូវបានគេមើលឃើញថាហាក់ដូចជាមានឆន្ទៈប្រថុយគ្រោះថ្នាក់បញ្ជូនអាវុធឱ្យអ៊ុយក្រែនខ្លាំងជាមុនក៏ពិតមែន តែ ការប្រយ័ត្នប្រយែងនៅតែមានជានិច្ចដោយពួកគេមិនហ៊ានឆ្លងបន្ទាត់ក្រហម ដែលនាំឱ្យផ្ទុះសង្រ្គាមនៅអឺរ៉ុបទាំងមូល ឬក៏សង្រ្គាមលោកនោះទេ ដូចដែលលោក Wallace អះអាងថាវត្ថុបំណងរបស់អង់គ្លេស គឺធ្វើយ៉ាងណាកុំឱ្យសង្រ្គាមរាលដាលចេញពីអ៊ុយក្រែន។ និយាយឱ្យខ្លី ចុងក្រោយអ្នកដែលត្រូវស្លាប់ក្នុងសង្រ្គាម មានតែទាហានរុស្ស៉ី និងអ៊ុយក្រែនតែប៉ុណ្ណោះ។
ត្រង់នេះមានន័យថាបើមេដឹកនាំលោកខាងលិចមិនមានឆន្ទៈប្រឈមមុខជាមួយលោក ពូទីនផង តើពួកគេអាចជួយឱ្យអ៊ុយក្រែនយកឈ្នះរុស្ស៉ី បានយ៉ាងដូចម្ដេច ទៅ? ហើយថាតើពួកគេអាចនឹងបន្តឱ្យលោក ពូទីន អូសបន្លាយសង្រ្គាមដល់ពេលណា? ស្របពេលអាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ ក្នុងនោះរួម មានទាំងកំាភ្លើងធំ Howitzer អាចជួយទាហានអ៊ុយក្រែនបានត្រឹមតែពន្យារពេលការរីកចម្រើនទៅមុខរបស់ទាហានរុស្ស៉ីប៉ុណ្ណោះ ពោលគឺមិនអាចបណ្ដេញ ទាហានរុស្ស៉ីឱ្យចូលទៅក្នុងទឹកដីរុស្ស៉ីវិញទេ ហើយណាមួយការបញ្ជូនអាវុធកាន់តែទំនើបកាន់តែច្រើន វាក៏តម្រូវឱ្យទាហានអ៊ុយក្រែនត្រូវការពេលវេលាក្នុងការ រៀនប្រើអាវុធទាំងនោះឱ្យស្ទាត់ជំនាញដែរ។
គួរបញ្ជាក់ថា មនុស្សម្នាក់ដែលអាចដឹងច្បាស់ថាសង្រ្គាមអ៊ុយក្រែននឹងបញ្ចប់នៅពេលណា ប្រហែលមានតែលោក ពូទីនម្នាក់គត់ ហើយតាមរយៈការបញ្ជូនអាវុធ ឱ្យអ៊ុយក្រែន លោកខាងលិចត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថាមានបំណងធ្វើឱ្យសង្រ្គាមសព្វថ្ងៃ ឈានដល់ដំណាក់កាល «ជាប់គាំងគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់» ដើម្បីបង្ខំឱ្យលោក ពូទីនត្រឡប់មករកតុចរចាវិញ ជាជាងធ្វើឱ្យរុស្ស៉ីបរាជ័យទាំងស្រុងនៅអ៊ុយក្រែន។ ព្រោះពួកគេខ្លាចថាបើរុស្ស៉ីចាញ់ ឬក៏លោក ពូទីន មិនអាច ទ្រាំនឹងការអាម៉ាស់បាន លោកអាចនឹងធ្វើរឿងដែលគេមិនអាចស្មានដល់ចេញមកក្រៅ នាំឱ្យពួកគេខាតបង់ធ្ងន់ធ្ងរ ជាពិសេសគឺសហរដ្ឋអាមេរិកដែលកំពុងផ្ដោត ជាអាទិភាពលើការខ្ទប់កើនឡើងឥទ្ធិពលចិនដែលរដ្ឋបាលលោក ចូ បៃដិន ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់អាមេរិក ក្នុងស.វទី២១នេះ មិនមែនរុស្ស៉ីនោះទេ៕
ប្រភព៖ Defense One (ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២)