(ស្ដុកខុល)៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ឌឺសសុន (Magdalena Andersson) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងដាក់ពាក្យសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។
លោកស្រី Magdalena Andersson ធ្វើការកត់សម្គាល់ខាងលើនាឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinisto) ដែលបំពេញទស្សនកិច្ចនៅស៊ុយអែត។ លោកស្រី Andersson បានគូសបញ្ជាក់ដូច្នេះថា «សមាជិកភាព NATO នឹងជួយពង្រឹងសន្តិសុខនៅក្នុង ប្រទេសស៊ុយអែត រួមទាំងតំបន់បាល់ទិកទាំងមូល ហើយការដាក់ពាក្យព្រមគ្នាជាមួយហ្វាំងឡង់ មានន័យថាយើងអាចចូលរួមចំណែកដើម្បីសន្តិសុខនៅក្នុងតំបន់ អឺរ៉ុបខាងជើង»។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានព្រមានថាមូស្គូនឹងចាត់វិធានការឆ្លើយតប ប្រសិនបើ NATO ដាក់ពង្រាយ យោធា ឬហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីហ្វាំងឡង់ ឬស៊ុយអែត។ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ភាគច្រើនបានគាំទ្រឱ្យប្រទេស ទាំង២ចូល NATO ប៉ុន្តែតួកគីបានជំទាស់ ហើយការជំទាស់នេះអាចនឹងក្លាយជាឧបសគ្គធំសម្រាប់ស៊ុយអែត និងហ្វាំងឡង់ ព្រោះសមាជិក NATO នីមួយៗសុទ្ធតែ មានសិទ្ធិវេតូ៕