(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាវិស័យប្រេងកំពុងស្ថិតក្រោមការប្រែប្រួលយ៉ាងខ្លាំង ហើយលោកបាន បន្ទោសអឺរ៉ុបថាកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង តាមរយៈការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី សារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនៃវិស័យថាមពល លោក ពូទីន បានថ្លែងថា អឺរុបនឹងមើលឃើញពីការឡើងថ្លៃថាមពល ជាមួយនឹងអតិផរណាខ្ពស់ ដែលជាលទ្ធផលនៃសកម្មភាព របស់ខ្លួន។ លោក ពូទីន បានគូសបញ្ជាក់ថា តាមរយៈការស្វែងរកការបញ្ឈប់ដំណើរការផ្គត់ផ្គង់ថាមពលរបស់រុស្ស៉ី ដល់បណ្តាប្រទេសនានា អឺរ៉ុបនឹងធ្វើឲ្យខ្លួនឯង ឈឺចាប់ ដោយសារតែការគិតខុស, ពិតណាស់ថាសកម្មភាពនេះគឺប្រៀបបាននឹងការសម្លាប់សេដ្ឋកិច្ចប្រទេសនៅអឺរ៉ុប។
លោក ពូទីន បន្ថែមថាសកម្មភាពយ៉ាងវឹកវររបស់អឺរ៉ុប មិនត្រឹមតែធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ផ្ទុយទៅវិញ វាថែមទាំងនាំទៅរកការបង្កើនប្រាក់ចំណូល ពីប្រេង និងឧស្ម័នសម្រាប់រុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីវិមានក្រឹមឡាំង បានបញ្ជូនកងកម្លាំងរបស់ខ្លួន ចូលទឹកដីអ៊ុយក្រែន ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមក ដោយផ្តោតលើវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី៕