(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងកំលុងកិច្ចសន្ទនាតាមទូរស័ព្ទ មួយ នៅថ្ងៃអង្គារសប្ដាហ៍នេះថាទីក្រុងប៉ារីស នឹងបង្កើនការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។
បើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំង, លោក ម៉ាក្រុង បានបញ្ជាក់ថា «ការផ្គត់ផ្គង់អាវុធដោយប្រទេសបារាំងនឹងបន្តដំណើរការ ហើយនឹងបន្ត កើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដូចគ្នានឹងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដែរ»។
លោក ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកមានការសន្ទនាតាមទូរស័ព្ទ «ដ៏វែង និងមានអត្ថន័យ» ជាមួយលោក ម៉ាក្រុង អំពីស្ថានភាព ចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter ថា «លោកបានរៀបរាប់ប្រាប់អំពីដំណើរ នៃអរិភាព, ប្រតិបត្តិការជួយសង្គ្រោះយោធាពីរោងចក្រដែកថែប អាហ្សូវស្តល់ (Azovstal) និងចក្ខុវិស័យនៃការរំពឹងទុកនៃដំណើរការចរចា ក៏ដូចជាបញ្ហានៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អ៊ុយក្រែនផងដែរ»។
លោក Zelensky បានបន្ថែមថា «យើងក៏បានពិភាក្សាអំពីការគាំទ្រផ្នែកការពារជាតិពីប្រទេសបារាំង, ការរៀបចំកញ្ចប់ទណ្ឌកម្មទី៦ នៃសហភាពអឺរ៉ុបប្រឆាំងនឹង រុស្ស៉ី, មធ្យោបាយដែលអាចធ្វើទៅបានក្នុងការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន និងបានរៀបចំការពិភាក្សាយ៉ាងជាក់លាក់អំពីការដាក់ពាក្យសុំរបស់ យើងសម្រាប់បេក្ខជនចូលជាសមាជិកភាពសហភាពអឺរ៉ុបផងដែរ»៕