(ឡុងដ៍)៖ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយមធ្យមដ៏ទំនើប ទៅឲ្យប្រទេសអ៊ុយក្រែនក្នុងសកម្មភាពសហការជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បាននិយាយថា ចក្រភពអង់គ្លេសនឹងបញ្ជូនកាំជ្រួចប្រភេទ M270 ដោយមិនត្រូវបានបញ្ជាក់ចំនួន ដែលអាចបាញ់គ្រាប់រ៉ុក្កែតដែលមានទិសដៅច្បាស់លាស់ ក្នុងរយៈចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។
ចក្រភពអង់គ្លេសនិយាយថា ការសម្រេចចិត្តនេះត្រូវបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តដ៏ទំនើបឲ្យអ៊ុយក្រែន។ ប្រព័ន្ធកាំជ្រួចទាំងពីរមានលក្ខណៈស្រដៀងគ្នា បើទោះបីជារបស់អាមេរិកប្រើប្រាស់កង់ ខណៈដែលអង់គ្លេសក៏ផលិតដោយអាមេរិកដែរ ដែលដំណើរការលើរថពាសដែក។
អង់គ្លេសបានឲ្យដឹងទៀតថា ទាហានអ៊ុយក្រែននឹងត្រូវហ្វឹកហាត់នៅចក្រភពអង់គ្លេសដើម្បីប្រើអាវុធទាំងនេះ។
អាមេរិកបាននិយាយថា អ៊ុយក្រែនបានសន្យាថា ខ្លួននឹងមិនប្រើអាវុធដែលទទួលបានទាំងនេះដើម្បីបាញ់ចូលទឹកដីរុស្ស៊ីឡើយ។ ប៉ុន្តែរុស្ស៊ីបានចោទក្រុងវ៉ាស៊ីនតោនថា ទង្វើបែបនេះជាការចាក់សាំងលើភ្លើង៕