(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា បច្ចុប្បន្នប្រទេសរុស្ស៊ីកំពុងកាន់កាប់ប្រហែល ២០% នៃទឹកដីរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២២។

លោក Zelenskiy បានថ្លែងបែបនេះនៅក្នុងសភារបស់ប្រទេសលុចសំបួ តាមរយៈសុន្ទរកថាវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ប្រធានាធិបតីរូបនេះបាននិយាយថា «យើងត្រូវការពារខ្លួនយើងពីកងទ័ពរុស្ស៊ីស្ទើរតែទាំងស្រង់។ កងទ័ពរុស្ស៊ីទាំងអស់ដែលត្រៀមខ្លួនប្រយុទ្ធបានចូលរួមក្នុងការឈ្លានពាននេះ»។ លោកបានបន្ថែមថា ផ្នែកខាងមុខនៃសមរភូមិលាតសន្ធឹងជាង ១,០០០គីឡូម៉ែត្រ៕