(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធ ទី១ ខែមិថុនានេះ បានប្រកាសផ្ដល់ជំនួយអាវុធបន្ថែម ក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារសម្រាប់អ៊ុយក្រែន។ បើតាមក្រុមមន្ត្រីអាមេរិក នេះគឺជាកញ្ចប់ជំនួយអាវុធទី១១ ដែលសហរដ្ឋអាមេរិកនឹងបញ្ជូនឱ្យអ៊ុយក្រែន និងជាកញ្ចប់ជំនួយដំបូងដែលយកចេញពីកញ្ចប់ថវិកា ៤០ពាន់លានដុល្លារដែលសភាអាមរិកទាំង២ បានអនុម័តសម្រាប់ទីក្រុងកៀវ កាលពីខែឧសភា កន្លងទៅនេះ។
នៅក្នុងកញ្ចប់ជំនួយអាវុធ ៧០០លានដុល្លារខាងលើ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ នោះគឺប្រព័ន្ធមីស៊ីលផ្លោងចម្ងាយឆ្ងាយហ៊ីម៉ាស់ (HIMARS) ដែលសហរដ្ឋអាមេរិកនឹងបញ្ជូនឱ្យអ៊ុយក្រែនចំនួន ៤គ្រឿងដំបូង។ ប្រព័ន្ធមីស៊ីល HIMARS មានសមត្ថភាពបាញ់ចេញមីស៊ីល ៦គ្រាប់ក្នុងពេលតែមួយ ហើយមីស៊ីលនីមួយៗ មានបំពាក់ដោយប្រព័ន្ធ GPS កំណត់គោលដៅជាក់លាក់ និងអាចវាយប្រហារនៅរយៈចម្ងាយ ៨០គីឡូម៉ែត្រ។ ប្រព័ន្ធមីស៊ីល HIMARS គឺជាប្រព័ន្ធអាវុធដ៏មានឥទ្ធិពលបំផុតដែលរដ្ឋបាលលោក ចូ បៃដិន សម្រេចចិត្តបញ្ជូនឱ្យអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
* ចាក់សាំងលើភ្លើង?
អាវុធដូចជាប្រព័ន្ធមីស៊ីល HIMARS ត្រូវបានលោក ហ្សេលេនស្គី ទូចសុំពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា គេក៏មាន ការព្រួយបារម្ភដែរ ដោយខ្លាចក្រែងថាការបញ្ជូនប្រព័ន្ធអាវុធដ៏ទំនើបបែបនេះ អាចនឹងធ្វើឱ្យសង្រ្គាមសព្វថ្ងៃរាលដាលកាន់តែធំ ឬក៏អាចអូសឱ្យអាមេរិក និងរុស្ស៉ីចៀសមិនរួចពីការធ្វើសង្រ្គាមនឹងគ្នាដោយផ្ទាល់នៅក្នុងសមរភូមិសង្រ្គាមអ៊ុយក្រែន។ តួយ៉ាង ភ្លាមៗ ក្រោយការប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS របស់លោក បៃដិន វិមានក្រឹមឡាំងបានចេញមុខព្រមានពីហានិភ័យនៃការរាលដាលជម្លោះកាន់តែធំ ដោយចាត់ទុកថាការបន្តបញ្ជូនអាវុធ ឱ្យអ៊ុយក្រែនគឺជា «ទង្វើយកសាំងចាក់លើភ្លើងដែលកំពុងឆេះស្រាប់»។
លោក បៃដិន និងមន្ត្រីជាន់ខ្ពស់អាមេរិក បានលើកឡើងម្ដងហើយម្ដងទៀតថាអាមេរិក និង NATO នឹងមិនធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីនោះទេ ហើយក៏មិនមានបំណងជំរុញឱ្យមានរដ្ឋប្រហារទម្លាក់លោក ពូទីនចេញពីអំណាចនោះដែរ។ ជាថ្មីម្ដងទៀត នៅក្នុងបទវិចារណកថារបស់ខ្លួន ចុះផ្សាយ ដោយកាសែត New York Times កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅនេះ លោក បៃដិន បានបញ្ជាក់ពីគោលជំហរនេះឡើងវិញ ពោលគឺដរាបណា NATO មិនទទួលរងការវាយប្រហារ នោះវានឹងមិនមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ីជាដាច់ខាត។
ប៉ុន្តែ ការបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ឱ្យអ៊ុយក្រែន កំពុងបង្កឱ្យមានការចោទសួរថាតើលោក បៃដិន អាចរក្សាតុល្យភាព នោះគឺដៃម្ខាងបញ្ជូនអាវុធឱ្យ អ៊ុយក្រែន និងដៃម្ខាងទៀតបញ្ចៀសជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី ដែលលោកផ្ទាល់ព្រមានថាអាចជាសង្រ្គាមលោកលើកទី៣ បានដោយរបៀណា? ជាការពិតណាស់ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកតែងតែរាយការណ៍ទៅកាន់សេតវិមានពីការវាយតម្លៃ លើប្រតិកម្មរបស់លោក ពូទីន ចំពោះការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ថាតើអាវុធប្រភេទណាគួរបញ្ជូន ឬប្រភេទណាមិនគួរបញ្ជូន? បានន័យថាអាមេរិក បានព្យាករជាមុនរួចហើយថាការបញ្ជូនប្រព័ន្ធមីស៊ីល HIMARS នឹងមិនធ្វើឱ្យសហរដ្ឋអាមេរិកដើរឆ្លង «បន្ទាត់ក្រហម» ដែលកំណត់ដោយលោក បៃដិន នោះឡើយ។
មែនទែនទៅ បាញ់បានចម្ងាយ ៨០គីឡូម៉ែត្រ HIMARS គឺជាប្រភេទមីស៊ីលរយៈចម្ងាយមធ្យម តែគេហៅវាថាជាប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ ដោយចង់ សំដៅថាវាជាប្រព័ន្ធអាវុធដែលបាញ់បានចម្ងាយឆ្ងាយ ធៀបទៅនឹងប្រព័ន្ធអាវុធ ដូចជាកាំភ្លើងធំ Howitzer ដែលអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន នាពេល កន្លងមកតែប៉ុណ្ណោះ ដោយនៅម្ខាងវ៉ាស៊ីនតោនបានបដិសេធបញ្ជូនប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយពិតប្រាកដឱ្យទីក្រុងកៀវ នោះគឺប្រព័ន្ធមីស៊ីល Army Tactical Missile System ដែលអាចបាញ់បានចម្ងាយដល់ទៅ ៣០០គីឡូម៉ែត្រ។
ក្រុមមន្ត្រីអាមេរិកជឿជាក់ថាការផ្ដល់ប្រព័ន្ធមីស៊ីល HIMARS ឱ្យអ៊ុយក្រែនគឺជាជម្រើសដ៏ល្អ។ អនុរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុក ខាងគោលនយោបាយ លោក Colin H. Kahl បាននិយាយថាប្រព័ន្ធមីស៊ីលនេះនឹងជួយឱ្យទាហានអ៊ុយក្រែនវាយប្រហារលើគោលដៅ ដែលខ្លួនពួកគេ បានដៅនៅក្នុងទឹកដីអ៊ុយក្រែន។ « អ៊ុយក្រែនកំពុងការពារទឹកដីរបស់ពួកគេ ហើយអ្វីដែលពួកគេកំពុងធ្វើនៅលើទឹកដីអ៊ុយក្រែន គឺដើម្បីការពារខ្លួន»។ នេះជាការគូសបញ្ជាក់របស់លោក Kahl។ តែផ្ទុយពីលោក Kahl ឧត្តមសេនីយ៍ផ្កាយ៤ ចូលនិវត្តន៍របស់អាមេរិក លោក ហ្វីលីព អឹម ប្រ៊ីដឡឺហ្វ (Philip M. Breedlove) បានរិះគន់ការសម្រេចចិត្តរបស់លោក បៃដិនថាជារឿងអកុសល។ លោកបានបញ្ជាក់ដូច្នេះថា «វាជារឿងអកុសល ព្រោះការសម្រេចចិត្តនេះ វាហាក់ដូចជាយើងគ្រប់គ្នាបានប្រាប់រុស្ស៉ីថា អូខេ! អ្នកអាចផ្លោងគ្រាប់ចេញពីបេឡារុស និងរុស្ស៉ី ចូលអ៊ុយក្រែន។ តែវាមិនអូខេទេ! សម្រាប់អ៊ុយក្រែន ដែលផ្លោងគ្រាប់ចូលដីរុស្ស៉ី»។
តែយ៉ាងណាក៏ដោយ ការពិតមិនអាចប្រកែកបាន នោះគឺលោក ហ្សេលេនស្គី គ្មានជម្រើសអ្វីផ្សេងក្រៅតែពីទទួលយកលក្ខខណ្ឌរបស់លោក បៃដិន ដែល អះអាងថាទីក្រុងកៀវនឹងមិនប្រើប្រព័ន្ធមីស៊ីល HIMARS ដើម្បីវាយប្រហារលើគោលដៅនៅក្នុងទឹកដីរុស្ស៉ីនោះទេ។ លោក ហ្សេលេនស្គី ត្រូវការអាវុធពី សហរដ្ឋអាមេរិក មិនថាវាជាអាវុធប្រភេទណានោះទេ សំខាន់ឱ្យតែបានវាមកសិន ដោយរំពឹងថាអាចយកមកប្រើវាយទប់ទល់នឹងកងទ័ពរុស្ស៉ី។ ក្នុងន័យនេះ ដែរ លោកស្រី ជូលីយ៉ាន់ ស្មីត (Julianne Smith) ជាអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការ NATO បានកត់សម្គាល់ថាអាមេរិក និងសម្ព័ន្ធមិត្ត NATO បានបញ្ជាក់ យ៉ាងច្បាស់ហើយថា NATO នឹងធ្វើ ឬក្លាយជាភាគីជម្លោះក្នុងសង្រ្គាមអ៊ុយក្រែនទេ ហើយអាមេរិក ក៏នឹងមិនបញ្ជូនកងទ័ពទៅអ៊ុយក្រែន ឬក៏គាំទ្រឱ្យ អ៊ុយក្រែន វាយប្រហារចូលទឹកដីរុស្ស៉ីវិញនោះដែរ។ បើតាមលោកស្រី ស្មីត «បន្ទាត់ក្រហម» កំណត់ដោយលោក បៃដិន នឹងមិនប្រែប្រួលឡើយ។
ក៏ប៉ុន្តែ អ្នកជំនាញជាច្រើននៅតែព្រមានពីហានិភ័យនៃជម្លោះដោយរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ដោយគេត្រូវរង់ចាំមើលសិន នោះគឺប្រសិនបើមីស៊ីល HIMARS ពិតជាមានបង្ហាញប្រសិទ្ធភាពជាក់ស្ដែងជួយឱ្យអ៊ុយក្រែន ទប់ទល់នឹងទាហានរុស្ស៉ី ឬផ្ដាច់ជីវិតមេទ័ពរុស្ស៉ី ឬក៏រហូតដល់ត្រូវបានរុស្ស៉ី ចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន នោះអ្វីៗអាចនឹងប្រែប្រួល។ ម្យ៉ាងវិញទៀត គេក៏ត្រូវរង់ចាំមើលសិនដែរថាប្រសិនបើរុស្ស៉ីផ្លោងមីស៊ីលផ្ដាច់ ជីវិតទាហានអ៊ុយក្រែនឥតល្ហែរ ថាតើលោក ហ្សេលេនស្គី អាចនឹងធ្វើតាមសន្យាជាមួយលោក បៃដិន ឬបន្តប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះក្នុងនាម ជាជនសប្បុរស បានដែរ ឬក៏យ៉ាងណា?
* ហេតុអ្វីអាមេរិកទើបតែដាច់ចិត្តបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ឱ្យអ៊ុយក្រែន?
នៅពេលត្រូវបានសាកសួរថាតើហេតុអ្វីបានជាសហរដ្ឋអាមេរិក ទើបតែសម្រេចចិត្តបញ្ជូនប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយឱ្យអ៊ុយក្រែននៅពេលនេះ ក្រុមមន្ត្រី អាមេរិកបានឆ្លើយយ៉ាងសាមញ្ញថា ដោយសារពួកគេត្រូវរង់ចាំកញ្ចប់ថវិកាជំនួយមនុស្សធម៌ និងយោធា ៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនធ្លាក់មកសិន ដែរ។ ប៉ុន្តែ ខណៈរុស្ស៉ីតែងតែគំរាមពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ សហរដ្ឋអាមេរិកក៏ចង់បញ្ជូនសារទៅកាន់រុស្ស៉ីវិញដែរថាខ្លួនក៏នឹងមិននៅស្ងៀមឱ្យរុស្ស៉ី ធ្វើអ្វីតាមអំពើចិត្តនោះដែរ ដូចដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីខិន បានលើកឡើងថារុស្ស៉ីគឺជាអ្នកបង្ខំឱ្យអាមេរិកបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ឱ្យអ៊ុយក្រែន ហើយថាមធ្យោបាយដ៏ល្អដើម្បីបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំ នោះគឺរុស្ស៉ីត្រូវបញ្ឈប់សកម្មភាពឈ្លានពាន និងសង្រ្គាមដែលខ្លួន ជាអ្នកបង្កឡើង។ នេះអាចមានន័យថាបើរុស្ស៉ីនៅតែមិនព្រមត្រឡប់មករកតុចរចា សហរដ្ឋអាមេរិកក៏នឹងបន្តគាំទ្រអ៊ុយក្រែនដូចគ្នាដែរ។ អាមេរិក ញញើត ជាមួយរុស្ស៉ី មិនមែនមានន័យថារុស្ស៉ីមិនញញើតចំពោះអាមេរិក និង NATO វិញនោះទេ។
គួរបញ្ជាក់ថា ការសម្រេចចិត្តបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ឱ្យអ៊ុយក្រែន ធ្វើឡើងនៅចំពេលរុស្ស៉ីកំពុងបង្កើនការវាយលុកនៅក្នុងតំបន់ដុនបាស់ ហើយ ដើម្បីអាចប្រើប្រព័ន្ធមីស៊ីលនេះបាន ទាហានអ៊ុយក្រែនត្រូវបានគេរំពឹងថាអាចនឹងត្រូវចំណាយពេលរៀនប្រើយ៉ាងតិច ៣សប្ដាហ៍ ដែលរយៈពេលនេះ វាប្រហែលជាយឺតពេល ឬមិនអាចសង្រ្គោះទីក្រុងស៊ីវីយ៉េរ៉ូដូណេត ពីកណ្ដាប់ដៃទាហានរុស្ស៉ីបានឡើយ៕
ប្រភព៖ New York Times (ថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២)